ដោយ៖ សុផល / សៀមរាប៖ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើទស្សនកិច្ច នៅប្រាសាទបន្ទាយស្រី និងនៅឧទ្យាន​ Angkor Wildlife and Aquarium នៅក្នុងទឹកដីខេត្តសៀមរាប។

ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ អមដំណើរដោយលោកស្រី បណ្ឌិត កុយ ពិសី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ រួមទាំងមន្ត្រីជំនាញមួយចំនួន។

អំឡុងដំណើរទស្សនកិច្ចនេះ លោកស្រី Suanesavanh Vignaket ​បានកោត សរសើរកម្ពុជា ដែលអភិវឌ្ឍន៍ប្រទេសបានល្អ និងយ៉ាងឆាប់រហ័ស។ លោកស្រី បានបន្ដថាៈ លោកស្រី ធ្លាប់តែឃើញ Aquarium នៅប្រទេសសាំងហ្គាពួរ នៅប្រទេសថៃ នៅប្រទេសវៀតណាម និងនៅប្រទេសដែលជឿនលឿន តែឥឡូវនេះ គឺមាននៅស្រុកខ្មែរតែម្តង។ សម្រាប់នៅប្រទេសឡាវ លោកស្រី បានបញ្ជាក់ថាៈ គឺមិនទាន់មានរមណីដ្ឋាន ទេសចរណ៍ ទំនើបបែបនេះនៅឡើយ។

លោកស្រី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ ក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។ អ្វីដែលលោកស្រី បានឃើញនៅក្នុង ប្រទេសកម្ពុជា ហើយបើមានលទ្ធភាព ឡាវនឹងរៀបចំរមណីយដ្ឋានទេសចរណ៍ល្អៗ បែបនេះ នៅប្រទេសឡាវ។

សូមជម្រាបថា រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។ វត្តមានរបស់លោកស្រី មកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើង ហោះហើរឡាវឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ៕/V