ដោយ: បូកគោ / កែប: ទីលានកប់សំរាម ដែលជាសមិទ្ធផលមួយ ក្នុងចំណោមគម្រោង អាទិភាព ចំនួន ៣ របស់ខេត្តកែប ក្រោមកម្ចីឥណទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី បានសាងសង់រួចរាល់ ១០០ ភាគរយ ខណ:ការស្ថាបនាផ្លូវប្របមាត់សមុទ្រ សម្រេចបានជាង ៤០ ភាគរយ និងគម្រោងកំពង់ផែទេសចរណ៍ លើកោះទន្សាយ ទើបតែដំណើរការបាន ប្រមាណជាង ១០ ភាគរយ។

សមិទ្ធផលសំខាន់ៗទាំងនេះ ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គ ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកែប និងតំណាងធនាគារ អភិវឌ្ឍន៍អាស៊ី ព្រមទាំងតំណាងមកពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ គម្រោងទីលានកប់សំរាម ការស្ថាបនាផ្លូវប្របមាត់សមុទ្រ និងគម្រោងកំពង់ផែទេសចរណ៍ លើកោះទន្សាយ ក្នុងខេត្តកែប។នាឱកាសនោះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានមានប្រសាសន៍ថាៈ មកដល់ ថ្ងៃនេះ ការសាងសង់ទីលានកប់សំរាម បានរួចរាល់ ១០០ ភាគរយហើយ។ ចំណែកការ ស្ថាបនាផ្លូវ ប្របមាត់សមុទ្រ សម្រេចបានជាង ៤០ ភាគរយ ឯគម្រោងកំពង់ផែទេស ចរណ៍លើកោះទន្សាយ ទើបតែដំណើរការបាន ប្រមាណជាង​​១០ ភាគរយប៉ុណ្ណោះ។

លោកអភិបាលរងខេត្ត បានបន្តថាៈ គម្រោងទាំង ៣ នេះ បានទុនអនុវត្តតាមរយៈ ឥណទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទំហំទឹកប្រាក់ ចំនួន ៣០ លានដុល្លារ និងបដិភាគថវិកាពី រដ្ឋាភិបាលកម្ពុជា ជាង ៨០ ម៉ឺនដុល្លារ។ គម្រោងទាំងនេះ នឹងជួយជំរុញដល់ ដំណើរការអភិវឌ្ឍខេត្តទាំងមូល ពិសេសលើវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការកំណត់អភិវឌ្ឍន៍ប៉ូលទេសចរណ៍ ភាគនិរតី ដែលមានខេត្តកែប ជាទិសដៅដ៏សំខាន់។

លោក វ៉ៅ សុខា បានបន្តថាៈ ដើម្បីឱ្យគោលដៅអភិវឌ្ឍន៍ទាំងនេះ បានសម្រេចជោគជ័យ ក្នុងនាមរដ្ឋបាលខេត្តកែប លោកសូមឱ្យបណ្តាក្រុមហ៊ុនដែលដេញថ្លៃបាន សម្រាប់ គម្រោង ២ទៀត គឺផ្លូវប្របមាត់សមុទ្រ និងកំពង់ផែទេសចរណ៍ កោះទន្សាយ ពន្លឿនការងាររបស់ខ្លួន ស្របតាមកាលបរិច្ឆេទ ដើម្បីបញ្ជប់គម្រោងទាំងនោះ៕ V / N