ដោយៈសុផល / សៀមរាប៖ ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានឯកភាពគ្នាដាក់ចុះផែនការសកម្មភាព ឆ្នាំ២០២៣-២០២៥ ផ្ដោតលើយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងតំបន់ ក៏ដូចជាជំរុញចលនាទេសចរផ្ទៃក្នុងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារវិបត្តិ ជំងឺកូវីដ-១៩។

ការដាក់ចុះផែនការសកម្មភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក លើកទី៥ ក្រោមការដឹកនាំរបស់លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រត្តិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប។

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ និងជាភាគីតំណាងកម្ពុជាផងនោះ បានឱ្យដឹងថាៈ ឧត្តមមន្ត្រីទេស ចរណ៍អេកម៉ិក បានពិនិត្យវាយតម្លៃផលប៉ះពាល់ ពីវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ ក្នុងតំបន់ ដោយពិនិត្យឃើញថា ទេសចរណ៍រវាងប្រទេសជាសមាជិកអេកម៉ិក បានធ្វើ ដំណើររវាងគ្នា កាន់តែច្រើនឡើងជាងមុនវិបត្តិកូវីដ-១៩។

លោក ទ្រី ឈីវ បានបន្តថាៈ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក លើកទី៥នោះ លោកអគ្គនាយក ថោង រដ្ឋសក្តិ រួមជាមួយឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក បានដាក់ចុះ ផែនការរួមគ្នា ជំរុញចលនាទេសចរផ្ទៃក្នុង ឱ្យបានកាន់តែច្រើនឡើងជាងមុន និងបាន ដាក់ចេញនូវយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ ក្រោមយុទ្ធនាការ «ប្រទេស ៥ គោលដៅតែមួយ» ស្របតាមផែនការសកម្មភាព ២០២៣-២០២៥ ។

លោកបានបញ្ជាក់ទៀតថាៈ ដើម្បីជំរុញដល់ការសម្រេចតាមផែនការសកម្មភាព ខាងលើនេះ ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក បានកំណត់នូវទិសដៅអនុវត្តមួយចំនួន ដូចជា៖
១. ជំរុញបង្កើតផលិតផលថ្មី ក្នុងតំបន់ មានដូចជាទេសចរណ៍ជនបទ ទេសចរណ៍ សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍សុខភាព និងផាសុកភាពជាដើម។
២. បង្កើនការផ្សព្វផ្សាយរួមគ្នា គាំទ្រគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងជំរុញទេសចរណ៍ផ្ទៃក្នុង អេកម៉ិក ឱ្យកាន់តែខ្លាំង។
៣. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ដូចជាការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) និងជំនាញបន្ថែម (Upskilling) និងអក្ខរកម្មឌីជីថល។
៤. ពង្រឹងការដោះដូរព័ត៌មានទេសចរណ៍ ដើម្បីតាមដាន និងវាយតម្លៃប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងគ្នា។
៥. ជំរុញយន្តការការស្ថាប័ន ដោយពិនិត្យលទ្ធភាពសិក្សា ក្នុងការបង្កើតលេខាធិការដ្ឋាន ឬការិយាល័យសម្របសម្រួលអេកម៉ិក។
៦. ជំរុញឱ្យមានការតភ្ជាប់ផ្លូវធ្វើដំណើររបស់ភ្ញៀវទេសចរ ក្នុងតំបន់អេកម៉ិក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកជាដើម។

លោកបានបន្ថែមថាៈ កិច្ចប្រជុំឧត្តមមន្ត្រី ក៏បានពិភាក្សាលើសេចក្តីថ្លែងការណ៍ ស្តីពីអនាគតទេសចរណ៍អេកម៉ិក ដែលជាត្រីវិស័យ សម្រាប់ពង្រឹងកិច្ចសហការអេកម៉ិក និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តំបន់ កាន់តែប្រសើរ ស្របតាមបរិបទ ក្រោយកូវីដ១៩ ដែលនិន្នាការទេសចរណ៍ មានការប្រែប្រួល ជាពិសេសទេសចរ ចូលចិត្តធ្វើដំណើររយៈចម្ងាយខ្លី។

លោក ទ្រី ឈីវ បានបញ្ជាក់បន្ថែមថាៈ «ផែនការសកម្មភាពទាំងនេះ នឹងទាក់ទាញ ការដើរកម្សាន្តផ្ទៃក្នុង តំបន់អេកម៉ិក កាន់តែខ្លាំង បង្កើតការងារបន្ថែម និងចូលរួមដល់ ការអភិវឌ្ឍដល់ប្រជាពលរដ្ឋមូលដ្ឋាន»។

គួរជម្រាបថា បន្ទាប់ពីកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក លើកទី៥ ខាងលើនេះ ក៏មានដែរនូវកិច្ចប្រជុំឧត្តមមន្ត្រី CLMV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលដឹកនាំដោយភាគីឡាវ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រី CLMV លើកទី៦ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ។

ពាក្យថា អេកម៉ិក ( ACMECS) នេះ គឺមានន័យពេញថា «យុទ្ធសាស្ត្រកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី ទន្លេចៅផ្រាយ៉ា និងទន្លេមេគង្គ» ដែលភាសាបច្ចេកទេស ហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតី គឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ម៉ា ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញា លាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គ គឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាត ផងដែរ ដូច្នេះគឺមាន ៥ ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ។ ចំណែក ពាក្យអក្សរកាត់ ស៊ីអិលអឹមវី CLMV មានន័យថា C = Cambodia កម្ពុជា L = Laos ឡាវ M= Myanmar មីយ៉ានម៉ា V= Vietnam វៀតណាម ៕ V / N