ដោយៈគង់ហេង/កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចផ្អាកអាជីវកម្មផលិតស្រាសមួយកន្លែងស្ថិតក្នុងភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានលទ្ធផលវិភាគសំណាកបញ្ជាក់ថា មានជាតិមេតាណុលខ្ពស់ ៩ ភាគរយ។ការផ្អាកបានធ្វើឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកាម្សិលមិញ។ នេះបើតាមការឱ្យដឹងពីលោក យឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់នៅថ្ងៃទី ៣ វិច្ឆិកានេះ។

កម្មករប្រមាណ៦៩ នាក់ បានពុល និងស្លាប់ ក្នុងចម្ការចេករបស់ក្រុមហ៊ុន ឡុង ស្រេង ស្ថិតក្នុងភូមិ ៣៥ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់។លោកប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់បានប្រាប់ថា កម្មករចេកក្រុមហ៊ុនឡុង ស្រេង ប្រមាណ ៧០ នាក់ពុលរហូតឈានដល់ស្លាប់ចំនួន បី នាក់នោះ យើងបានសង្ស័យលើស្រាស ក៏បានយកសំណាកចេញពីកន្លែង ផលិតស្រាចំនួន ពីរកន្លែង នៅភូមិបែកអន្លូង ឃុំអារក្សត្នោតមួយកន្លែង និងមួយកន្លែងទៀតនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ទៅវិភាគ និងផ្អាកការលក់ចែកចាយទាំងពីរកន្លែង។

លោកបានបន្តថា ក្រោយពីទទួលលទ្ធផលវិភាគ គឺបានរកឃើញនៅកន្លែងផលិតស្រាសនៅភូមិព្រែកកក់ ឃុំព្រែកបាក់ មានជាតិមេតាណុលខ្ពស់រហូតដល់ប្រាំបួន ភាគរយ ថ្នាក់លើក៏បានបញ្ជាឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ហើយកន្លែងផលិតស្រាស ខាងភូមិបែកអន្លូង ធ្វើអាជីវកម្មធម្មតា ឡើងវិញ។

ជាមួយគ្នានេះតួលេខជនរងគ្រោះសង្ស័យពុលថ្នាំ ឬ ស្រាស នៅរក្សាចំនួន៦៦ នាក់និងស្លាប់ បី នាក់ ដដែល ហើយអ្នកពុលភាគច្រើនបានជាសះស្បើយ បានច្រើនចេញផ្ទះសម្បែង។

គួររំលឹកថា កាលពីថ្ងៃទី ២៥ ខែតុលា មានកម្មករចម្ការចេកក្រុមហ៊ុន ឡុង ស្រេង ច្រើននាក់មានអាការៈ ថប់ដង្ហើម ឈឺក តឹងទ្រូង ស្រវាំងភ្នែក ទន់ដៃទន់ជើង ហើយខាងក្រុមហ៊ុនបានបញ្ជួនមកសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យខេត្តកំពង់ចាមជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១ ខែវិច្ឆិកាមានជនរងគ្រោះសរុបចំនួន ៦៩ នាក់។ នៅចន្លោះនោះមន្រ្តីជំនាញបានចុះស៊ើបអង្កេត និងបានដាក់ការសង្ស័យករណីខាងលើបង្កពីការខ្វះអាហារូបឋម ពុលស្រាស និងថ្នាំកសិកម្ម។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ៣ វិច្ឆិកានេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារកម្មករដែលស្លាប់ចំនួន បី នាក់ និងពុល នៅក្នុងចម្ការចេញក្រុមហ៊ុន ឡុង ស្រេង ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕សរន / N