ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នាយបេសកកម្ម ស្តីពីការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

រូបថតៈ ( លោកស សុខា ដឹកនាំកិច្ចប្រជុំនាយបេសកកម្មស្តីពីការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ )

នៅក្នុងកិច្ចប្រជុំ លោក ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកា គណៈកម្មការចំពោះកិច្ច បុគ្គលិកអប់រំ អង្គភាពជំនាញ តំណាងក្រសួង-ស្ថាប័ន ទាំង ៣ និងសហព័ន្ធកីឡាជាតិទាំង ៣៨ លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងជានាយបេសកកម្ម សម្រាប់ការពន្លឿន ក្នុងការរៀបចំរួចរាល់ ត្រៀមការប្រកួត នាពេលខាងមុខ។

ក្នុងនាមលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានផ្ដល់អនុសាសន៍ ដល់អង្គប្រជុំទាំងមូល ចំនួន ៥ ចំណុច ដើម្បីត្រៀមខ្លួន មុននឹងការប្រកួតឈានមកដល់ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដូចខាងក្រោម ៖

១. គណៈកម្មការចំពោះកិច្ច សូមបន្តនិងបញ្ចប់ការងារ ដែលសេសសល់ និងឈានទៅ ការត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួត ក៏ដូចជាពិធីបើក ។ មួយវិញទៀត យើងត្រូវតែមាន ទីបញ្ជាការស្រាលជាមុន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីកាត់បន្ថយ ហានិភ័យក្នុងពេលប្រកួត។

២. សហព័ន្ធកីឡាជាតិ ទាំង៣៨ ត្រូវគិតថា ខ្លួនជាអ្នករៀបចំការប្រកួត និងទទួលយក នូវភាពជាម្ចាស់ក្នុងការរៀបចំ ទាំងការងាររដ្ឋបាល បច្ចេកទេស និងការរៀបចំពិធី បំពាក់មេដាយ ជូនដល់អត្តពលិកជ័យលាភី ក្នុងប្រភេទកីឡារបស់ខ្លួន ដើម្បីជាការហាត់ រៀន សម្រាប់ជាទុន ក្នុងការប្រកួតស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។

៣. ប្រតិភូកីឡា ថ្នាក់ដឹកនាំ នាយបេសកកម្ម គ្រូបង្វឹក ត្រូវតែរៀបចំឱ្យរួចរាល់ ក្នុងការរៀបចំ ក្រុមកីឡារបស់ខ្លួន ក្នុងការមកកាន់រាជធានីភ្នំពេញ និងចូលទៅកាន់ កន្លែងស្នាក់នៅ ហូបចុក ដែលបានរៀបចំ ណែនាំ អត្តពលិកក្រុមរបស់ខ្លួន សូមឱ្យរក្សា បានរបៀបរៀបរយ ចូលរួមប្រកួតដោយមានសីលធម៌ រក្សាបាននូវមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ រវាងមិត្តរួមក្រុម គូប្រកួត អ្នកចូលរួម និងបន្តរក្សានូវវិធានការសុខាភិបាល ថែរក្សាទ្រព្យសម្បត្តិ សម្ភារៈនៅក្នុងទីលានប្រកួតនិងកន្លែងហូបចុក ស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ។

៤. ប្រតិភូកីឡា ថ្នាក់ដឹកនាំ នាយបេសកកម្ម គ្រូបង្វឹក អត្តពលិក សូមចូលរួមគោរព តាមសេចក្តីណែនាំរបស់ គណៈកម្មការរៀបចំការប្រកួត ត្រូវចូលរួម ក្នុងពិធីបើកបិទ និងពិធីបំពាក់មេដាយនានា ដែលត្រូវបានអញ្ជើញដោយគណៈកម្មការរៀបចំការប្រកួត។

៥. គណៈកម្មការរៀបចំការប្រកួត និងអ្នកចូលរួមទាំងអស់ ត្រូវតែដើរតួរជាគំរូ (Role Models) ត្រូវមានភាពច្បាស់លាស់ ហើយមិនលំអៀងជាដាច់ខាត សម្រាប់បង្ហាញ ភាពសក្ដិសម ក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា នាពេលខាងមុខ។

លោក ស សុខា ក៏ថ្លែងបានបន្តទៀតថាៈ នេះជាព្រឹត្តិការណ៍កីឡាជាតិដ៏ធំមួយ និងជា ប្រវត្តិសាស្ត្រ ជាមុខមាត់របស់ប្រទេសជាតិទាំងមូល ។ ដូចនេះ គណៈកម្មាធិការគ្រប់ផ្នែក ទាំងអស់ ត្រូវរៀបចំខ្លួនគោរពទៅតាមតួនាទី ជាពិសេសត្រូវសហការជាមួយ កម្លាំងអាជ្ញាធរ ដើម្បីជួយសម្រួលដល់ការប្រកួត។ ត្រូវរៀបចំកិច្ចប្រជុំបន្ទាប់ពីប្រកួតចប់ ដើម្បីទទួលយកនៅចំណុចខ្វះខាត យកមកដោះស្រាយ និងវាយតម្លៃបូកសរុបការងារ ព្រមទាំងលទ្ធផលដែលទទួលបាន ត្រូវទទួលយកភាពជោគជ័យ និងមិនអាចបរាជ័យ ជាដាច់ខាត។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិ ចំនួន ៣៨ បានជម្រាបជូនដំណឹង ដល់សាធារណជន និងអ្នកស្នេហាវិស័យកីឡា ទាំងអស់ថា ក្រសួង បានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥ រាជធានី ខេត្ត រួមមាន ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំពោះពិធីបើក និងបិទ ប្រព្រឹត្តុទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤.៥៥៩ នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣.០០០ នាក់៕ V/ N