ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលននឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំដែលមានការចូលរួម ពីលោក លោកស្រី ស្នងការរង លោកនាយការិយា ល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀតនោះ បានត្រូវមន្ត្រីបង្ហើបឱ្យដឹងថា កម្លាំងសមត្ថកិច្ចប្រមាណជាង ១ម៉ឺននាក់ មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្តមសេននីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថាៈ “កម្លាំងយើងប្រើប្រាស់ជាង ១ម៉ឺននាក់ ដែលមកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយ មានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ពេលនេះ គឺយើងបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើកហើយ ពាក់ព័ន្ធនឹងការអនុវត្តផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅជាក់ស្តែង តាមគោលដៅនីមួយៗ ដើម្បីវ៉ៃតម្លៃ ស្ថានភាព នឹងចាត់ចែងកម្លាំងការពារជាក់ស្តែង”៕ V / N