ដោយៈមុនីរ័ត្ន/ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធរួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក សម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ(រូបថតឯកសារ)

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់រស្មីកម្ពុជា​ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ខែវិច្ឆិកានៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺរាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមាននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ​បឋម សម្រាប់បម្រើឱ្យកិច្ចប្រជុំនេះ។

លោកបន្តថា អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤) បានរៀបចំផែនការការពារតាំងពីខែមករា ដោយផែនការនេះ បានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ នៃប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លាង …។ល។ ហើយបែងចែកឱ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈកម្មការទី៤ បានដាក់ចេញនូវផែនការពីរសំខាន់ ទី១. កិច្ចការក្នុងប្រទេសគឺបានរៀបចំ ចាត់តាំងឲ្យមានការហ្វឹកហាត់ ឲ្យមានការសាកល្បងកម្លាំងដូចជា ការពារក្បួនការពារផ្ទាល់សម្រាប់ប្រតិភូការរៀបចំក្បួន ដឹកនាំគណៈប្រតិភូការរៀនភាសាសម្រាប់អង្គរក្សការពារផ្ទាល់និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។ ទី២. កិច្ចការក្រៅប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសហការជាច្រើនដូចជា FBI INTERPO(អ៊ីនធឺប៉ូល)ប៉ូលិសចិនកូរ៉េសិង្ហបុរីនិងប្រទេសសមាជិកតំបន់អាស៊ានដោយទទួលបានកិច្ចសហការគាំទ្រជាច្រើន ដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍ សម្រាប់កិច្ចការពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មានអ្នកខ្លះត្រៀមលក្ខណៈដូចជា FBI ត្រៀមលក្ខណៈផ្តល់ទៅប្រឹក្សាបើសិនជាចាំបាច់។ ហើយកន្លងមកនេះ សិង្ហពួរ ចិន វៀតណាម សុទ្ធតែបានមកផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានជួយបំប៉នជំនាញប្រតិបត្តិការត្រៀមអន្តរាគមន៍ដោះស្រាយហេតុនេះផងដែរ។ ហើយក៏បានទទួលជំនួយមួយចំនួនពីប្រទេសជប៉ុន ចិន និងវៀតណាម ជំនួយខាងមធ្យោបាយសម្រាប់ដឹកនាំក្បួនប្រតិភូ ឧបករណ៍សម្ភារៈបច្ចេកទេសសម្រាប់ត្រួតពិនិត្យជាតិផ្ទុះ មានទាំងអិចសារ៉េ …។ល។ ហើយមួយទៀត គឺការផ្លាស់ប្តូរព័ត៌មាន តែងតែមានប្រព័ន្ធផ្លាស់ប្តូរព័ត៌មានជាមួយនឹងបណ្តាប្រទេសជាសមាជិកទាំងអស់នៅក្នុងអាស៊ានក៏ដូចជាប្រទេសជាដៃគូរ ដើម្បីផ្លាស់ប្តូរព័ត៌មានក្តាប់ឲ្យបាននូវសភាពការណ៍ពាក់ព័ន្ធនឹងភេវរកម្ម ពាក់ព័ន្ធពួកឧក្រិដ្ឋជនអន្តរជាតិជាដើម ដើម្បីមានវិធានការបង្ការទប់ស្កាត់កុំឲ្យមានបញ្ហាប៉ះពាល់ដល់កិច្ចប្រជុំ។

ប្រភពដដែលបញ្ជាក់ទៀតថា “កម្លាំងយើងប្រើប្រាស់ជាងមួយម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយមានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ពេលនេះ គឺយើងបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើកហើយពាក់ព័ន្ធនឹងការធ្វើអនុវត្តផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅជាក់ស្តែងតាមគោលដៅនីមួយៗដើម្បីវាយតម្លៃស្ថានភាពនឹងចាត់ចែងកម្លាំងការពារជាក់ស្តែង។ ក្រៅពីនេះ យើងកំពុងតែបានជួបជាបន្តបន្ទាប់ៗជាមួយនឹងក្រុមប្រតិភូសន្តិសុខនាំមុខ (ប្រតិភូធំ) នៃបណ្តាប្រទេសដែលចូលរួម បានន័យថា ជាប្រតិភូសន្តិសុខសម្រាប់​ការពារប្រមុខរដ្ឋតែម្តង។ យើងក៏បានធ្វើបទបង្ហាញជូនអង្គទូត ស្ថានទូត និងស្ថានតំណាងប្រចាំប្រទេសកម្ពុជានៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៤លើកដែរហើយ ដើម្បីយល់ដឹងអំពីរបៀបរបបនៃផែនការការពាររបស់យើង”៕ សរន