ដោយ : ប.ជ័យ / បន្ទាយមានជ័យ: រថយន្តបានបើកកៀរម៉ូតូបណ្តាលអ្នកបើកម៉ូតូដួលស្លាប់ ,ម៉ូតូខូចខាតធ្ងន់នៅលើផ្លូវលេខជាតិលេខ 258D ខាងត្បូងផ្លូវបំបែកវិស្វកម្ម ស្ថិតនៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនាព្រលប់ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២ ។

នគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅអោយដឹងថ្ងៃទី០៣ខែវិច្ឆិកាថា :ករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្ត ទង្គិចគៀរម៉ូតូ ស្របទិសគ្នា ។សមត្ថកិច្ចបន្តថា យោងសាក្សីនិងការស្រាវជ្រាវ គឺដំបូងមានម៉ូតូ ម៉ាកហុងដាផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1S 2312 បន្ទាយមានជ័យ បើកបរដោយឈ្មោះ នួយ ដឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ (ស្លាប់) បានបើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ។លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង បើកបរក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ស្របទិសគ្នា បានបើកគៀរម៉ូតូដែលកំពុងបើកខាងមុខ បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង។

អ្នកបើកបរដែលក្តាប់អត្តសញ្ញាណមិនទាន់បាន បើកគេចខ្លួនបាត់។

នគរបាលបានបន្តថា : មូលហេតុនៃគ្រោះថ្នាក់នេះ បង្កមកពីមានរថយន្តបើកកៀរដៃម៉ូតូ ដែលនាំឱ្យម៉ូតូដួលអូសជាច្រើនម៉ែត្រ រួចត្រូវបានរថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ។

ក្រោយគ្រោះថ្នាក់ សមត្ថកិច្ចបានយកម៉ូតូគ្រឿងដែលខូចខាតធ្ងន់ ទៅរក្សាទុកដើម្បីស្រាវជ្រាវ ។ឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន ។ប៉ូលិសកំពុងស្វែងរកអ្នកបើកឡានយកមកដោះស្រាយតាមផ្លូវច្បាប់៕សរន / N