​ប្រែ​សម្រួលៈ បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ប្រមាណ​៨០​គ្រាប់​ចូលក្នុង​ព្រំដែន​សមុទ្រ​កាលពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​សុក្រ​នៅពេល​រដ្ឋមន្ត្រីការពារ​ជាតិ​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​​បង្ហាញ​ការប្តេជ្ញា​ចិត្ត​និងព្រមានខ្លាំងៗនៅ​ក្នុងការ​ប្រឈម​នឹង​ការបង្ករឿង​កាន់តែ​ញឹកញាប់​ទៅ​ពី​កូរ៉េខាងជើង​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បាញ់​កាំជ្រួច​ចូលក្នុង​សមុទ្រ រួម​មាន​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​មួយ​ដែល​ទំនងជា​មាន​បញ្ហា​ពេល​ហោះ ជាហេតុ​នាំ​អោយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បន្ថែម​ពេល​​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​របស់គេ​។​

​អាម៉េរិក​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួមគ្នា​ព្រមាន​កូរ៉េខាងជើង​ជា​ថ្មី​ថា ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​ប្រភេទ​ណា​មួយ​លើ​កូរ៉េខាងត្បូង​ឬ​សម្ពន្ធមិត្ត​ផ្សេង​ទៀត​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​​វា​នឹង​នាំ​ដល់​ទីបញ្ចប់​នៃ​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន​។​

​គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ជា​ម្ភៃ​គ្រាប់​ក្នុង​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​ដ៏​ធំ​របស់​អាម៉េរិក​និង​កូរ៉េខាងត្បូង​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​និង​មាន​​ការចូលរួម​ពី​យន្តហោះ​យោធា​ប្រមាណ​២៤០​គ្រឿង​។​ការបាញ់​កាំជ្រួច​នេះ​នាំអោយ​មាន​ការប្រកាសអាសន្ន​អោយ​អ្នកស្រុក​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅ​តំបន់​ខ្លះ​ស្វះស្វែង​រក​កន្លែង​ជ្រក​លាក់​ខ្លួន​ពី​ការ​វាយ​ប្រ​​ហារ​តាម​អាកាស​ផង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទីន និង​សម​ភាគី​កូរ៉េខាងត្បូង លី ចុង​-​ស៊ុប ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​កិច្ចប្រជុំ​នៅក្រសួងការពារជាតិអាម៉េរិក។​សេចក្តីថ្លែងការណ៍​បាន​ថ្កោលទោស​ការបញ្ចេញ​សាច់​​ដុំ​យោធា​កាន់តែ​ខ្លាំង​ឡើង​របស់​កូរ៉េខាងជើង​រួម​មាន​ការបាញ់​សាក​កាំជ្រួច​ផ្លោង រ៉ុក្កែត​និង​កាំភ្លើង​ធំ​។​

​ជា​ការឆ្លើយតប​ទៅនឹង​ការបាញ់​កាំជ្រួច អាម៉េរិក​បាន​បន្ថែម​ពេលធ្វើ​សមយុទ្ធ​យោធា​Vigilant Storm​ដែល​ពី​ដំបូង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា អាស្រ័យ​លើ​បរិយាកាស​សន្តិ​​សុខ​។​

​នៅ​ក្រសួង​ការពារជាតិ​អាម៉េរិក មេដឹកនាំ​យោធា​ទាំងពីរ​បាន​បញ្ជាក់ថា​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​ណាមួយ រួម​ទាំង​គ្រាប់​នុយក្លេអ៊ែរ​កល​យុទ្ធ​កំលាំង​ទាប លើ​កូរ៉េ​ខាង​ត្បូង​ឬ​សម្ពន្ធមិត្ត​អាម៉េរិក​ណាមួយ​​នៅក្នុង​តំបន់ ដូចជា​ជប៉ុន នឹង​នាំ​ដល់​ការបញ្ចប់​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន តាមរយៈ​ការឆ្លើយតប​ដ៏​លើសលប់​និង​ដាច់ខាត​របស់​សម្ពន្ធភាព​៕