ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​បន្តុប​ដោយ​រុស្ស៊ី​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទំនងជា​នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ច្រាំង​ខាងលិច​នៃ​ទន្លេ​ឌី​នី​ប្រូ (Dnipro) ក្នុង​តំបន់​ឃើ​សុន (Kherson) ហើយ​ថែមទាំង​បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​ចាកចេញ ដោយ​ផ្តល់​សញ្ញា​នៃ​ការដកថយ​ដែល​នឹង​ក្លាយ​ជា​ការ​វាយ​សំពង​លើ​សង្គ្រាម​របស់​រុស្ស៊ី​។​

​មាន​ភាពស្ងប់ស្ងាត់​ពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ទីក្រុង​មូ​ស្គូ​។ រដ្ឋាភិបាល​ក្រុង​គៀវ​និង​អ្នកវិភាគ​យោធា​លោកខាងលិច​នៅតែ​ប្រុងប្រយ័ត្ន​ដោយ​លើកឡើង​ថា​រុស្ស៊ី​អាច​កំពុង​ដាក់​អន្ទាក់​សម្រាប់​កងទ័ព​អ៊ុ​យក្រែន​​ដែល​កំពុង​រុលចូល​។​

​លោក គី​រី​ល ស្ត្រេ​មូសូវ (Kirill Stremousov) អនុប្រធាន​រដ្ឋបាល​ស៊ីវិល​នៃ​តំបន់​ឃើ​សុន ដែល​លើក​បន្តុប​ដោយ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា​ជាមួយ​​វេបសាយ​គាំទ្រ​វិមាន​ក្រឹ​មឡាំង Solovyov Live ថា “​អង្គភាព​របស់​យើង ទាហាន​របស់​យើង​ទំនងជា​នឹង​ចាកចេញ​ទៅ​ច្រាំង​ខាងឆ្វេង (​ភាគ​ខាងកើត​)”​។

​តំបន់​នេះ​រួមបញ្ចូល​ទាំង​ទីក្រុង​ឃើ​សុន ជាទី​រួម​ខេត្ត​នៃ​តំបន់​ដែល​មានឈ្មោះ​ដូចគ្នា និង​ជា​ទីក្រុង​សំខាន់​តែមួយគត់​ដែល​រុស្ស៊ី​កាន់កាប់ ចាប់តាំងពី​ការឈ្លានពាន​របស់​ខ្លួន​ក្នុង​ខែ​កុម្ភៈ​។​វា​ក៏​រួមបញ្ចូល​​ផ្នែក​ម្ខាង​នៃ​ទំនប់​វា​រី​អគ្គិសនី​ឆ្លងកាត់​ទន្លេ​ឌី​នី​ប្រូ ដែល​គ្រប់គ្រង​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​នៅ​តំបន់​គ្រី​ម៉េ ជា​ឧបទ្វីប​ដែល​រុស្ស៊ី​បាន​កាន់កាប់​តាំងពី​ឆ្នាំ ២០១៤ ផងដែរ​។​

​កន្លងមក រុស្ស៊ី​ធ្លាប់​បាន​បដិសេធថា កម្លាំង​របស់​ខ្លួន​មិន​មាន​គម្រោង​ដកថយ​ចេញពី​តំបន់​នេះ​នោះ​ទេ​។​

​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​យូរ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​លើ​កម្មវិធី​ដែល​រៀបចំ​ដោយ​ទូរទស្សន៍ RT លោក​ស្ត្រេ​មូសូវ​បាន​លើក​ឡើងរឿង​ពិបាក​យល់​ណាស់ ដោយ​និយាយថា​”​យើង​ត្រូវ​ធ្វើ​ការសម្រេច​​ចិត្ត​ដ៏​លំបាក​មួយ​ចំនួន​ឥឡូវនេះ​។ ទោះបីជា​យុទ្ធសាស្ត្រ​របស់​យើង​អាច​ជា​អ្វី​ក៏ដោយ​។ ហើយ​មនុស្ស​មួយចំនួន​ប្រហែល​ជា​ខ្លាច​ក្នុង​ការទទួលស្គាល់​អ្វីៗ​ទាំងអស់នោះ​”​។​

​លោក​ស្ត្រេ​មូសូវ​បាន​និយាយថា “​ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ព្យាយាម​និយាយ​នៅពេល​នេះ​សូម​ប្រជាជន​នាំគ្នា​ទៅកាន់​ច្រាំង​ខាងកើត​។​អ្នកនឹង​ស្ថិតក្នុង​ទីតាំង​ដែល​មាន​សុវត្ថិ​​ភាព​ជា​ង​”​។​

​នៅ​ចំណុច​មួយទៀត លោក​ស្ត្រេ​មូសូវ​បាន​និយាយថា គាត់​សង្ឃឹមថា “​យើង​នឹង​មិន​ចាកចេញ​ពីឃើ​សុន​” ហើយ​ប្រសិនបើ​រឿង​នោះ​កើតឡើង​”​វា​នឹង​ជាការ​វាយ​សំពង​ដ៏​ធំ​មិន​ត្រឹមតែ​ចំពោះ​មុខមាត់​​របស់​យើងទាំងអស់គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​វាយ​សំពង​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែល​អាច​បន្ត​ស្នាក់​នៅ​ទីនេះ​ផង​ដែរ​”​។​

​ការរំពឹង​ទុក​បាន​វិលវល់​ជុំវិញ​ថា​តើ​រុស្ស៊ី​ពិតជា​កំពុងដ​កថត​ចេញ​មែន​ក៏​អី​បន្ទាប់​ពី​រូបថត​ផ្សព្វផ្សាយ​នៅ​លើ​អ៊ីនធឺណិត​បង្ហាញ​អគារ​រដ្ឋបាល​សំខាន់​នៅក្នុង​ទីក្រុង​ឃើ​សុន​លែង​មាន​ទង់ជាតិ​រុស្ស៊ី​​បង្ហូត​ពីលើ​វា​តទៅទៀត​។ អ៊ុយ​ក្រែន​បាន​និយាយថា រូបភាព​ទាំងនោះ​អាច​ជា​ព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី​។​

​លោកស្រី ណា​តា​លៀ ហូ​មេ​នី​អ៊ុក (Natalia Humeniuk) អ្នកនាំពាក្យ​បញ្ជាការ​យោធា​ភាគខាងត្បូង​អ៊ុ​យក្រែន បាន​និយាយថា វា​អាច​ជា​អន្ទាក់​របស់​រុស្ស៊ី​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​ការអធិប្បាយ​តាម​ទូរទស្សន៍​ថា “​នេះ​អាច​ជា​ការបង្ហាញ​ការ​ញុះញង់​ជាក់លាក់​មួយ ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍​ថា ទីក្រុង​នេះ​ត្រូវ​បាន​បោះបង់ចោល ចឹង​វា​មាន​សុវត្ថិភា​ពអាច​ចូល​បាន​ហើយ ខណៈ​ពួកគេ​កំពុង​រៀបចំ​សម្រាប់​ការប្រយុទ្ធ​តាម​ដងផ្លូវ​”៕

​ទាហាន​កំពុង​បាញ់​ផ្លោង​ដាក់​ទីតាំង​សត្រូវ​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន