​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ាឡេ​ស្ទីន​យ៉ាងតិច​បួន​នាក់​នៅក្នុង​ឧបទ្ទវហេតុ​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា​ដែល​ក្នុងនោះ​មាន​​ម្នាក់​ដែល​បាន​ចាក់​មន្ត្រីប៉ូលិស​ម្នាក់​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត​និង​បី​នាក់​ទៀត​ស្លាប់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​របស់​អ៊ីស្រាអែល​នៅ​តំបន់ វេស​ប៊ែង​។​

​អំពើហិង្សា​បាន​ផ្ទុះឡើង នៅពេលដែល​អ៊ីស្រាអែល​កំពុង​រាប់ចំ​នួន​សន្លឹកឆ្នោត​ចុងក្រោយ​នៅក្នុង​ការបោះឆ្នោត​ជាតិ​ដែល​បាន​ធ្វើឡើង​នៅ​សប្តាហ៍​នេះ ដោយ​អតីត​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ រំពឹង​នាំមុខ​សំឡេង​ភាគច្រើន​យ៉ាង​ងាយ ដែល​គាំទ្រ​ដោយ​សម្ពន្ធមិត្ត​ស្តាំនិយម​។​

​ទាហាន​អ៊ីស្រាអែល ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ជេនី​ន (Jenin) នៅ​តំបន់​វេស​ប៊ែង​ដែល​ជា​ទីតាំង​រឹងមាំ​របស់​ក្រុម​សកម្មប្រយុទ្ធ​មួយ​បានសម្លាប់​ជនជាតិ​ប៉ាឡេ​ស្ទីន​យ៉ាងហោច​​ណាស់​ពីរ​នាក់ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន​។​

​ក្រុម​ជី​ហាត​អ៊ីស្លាម​ប៉ាឡេ​ស្ទីន​បាន​និយាយ​ថា​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺ​ជា​មេបញ្ជាការ​ក្នុង​តំបន់​។ អ្នកស្រុក​បាន​និយាយថា គាត់​ត្រូវបាន​គេ​សម្លាប់​ពេល​កំពុង​នៅ​កន្លែង​លក់​សាច់ កន្លែង​ដែល​គាត់​កំពុង​រៀបចំ​សាច់​មុន​ពិធីមង្គលការ​ចុង​សប្តាហ៍​នេះ​។​

​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ជន​សកម្មប្រយុទ្ធ ហ្វា​រូក សាឡា​ម៉េះ (Farouk Salameh) ត្រូវ​បាន​តាម​ចាប់ខ្លួន​នៅក្នុង​ការវាយប្រហារ​ជាច្រើន​លើ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​រួម​ទាំង​ការ​​សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​កាលពី​ខែ​ឧសភា​កន្លង​ទៅ​។ ពួកគេ​និយាយថា សាឡា​ម៉េះត្រូ​វ​បានសម្លាប់​បន្ទាប់ពី​បាន​បើក​ការបាញ់ប្រហា​រលើ​ទាហាន រត់គេច​ពី​កន្លែងកើតហេតុ និង ដ​កាំភ្លើងខ្លី​មួ​យ​ដើម​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​បាញ់​រ៉ុក្កែត​ចូល​ទៅ​កាន់​ភាគខាងត្បូង​អ៊ីស្រាអែល​ដោយ​នាំ​ឱ្យ​ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​នៅក្នុង​តំបន់​​នោះ​បន្លឺឡើង​។ កងទ័ព​បាន​និយាយថា គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​ស្ទាក់ចាប់ ហើយ​ការប៉ុនប៉ង​បាញ់​ចំនួន​បី​ផ្សេងទៀត​បាន​បរាជ័យ និង​បាន​ផ្ទុះ​នៅ​ខាងក្នុង​តំបន់​ហ្គា​ហ្សា​។​មិន​មាន​ការអះអាង​ទទួលខុស​​ត្រូវ​ភ្លាមៗ​នោះទេ ប៉ុន្តែ​នា​ពេលកន្លងមក ក្រុម​ជី​ហាត​អ៊ីស្លាម​បាន​បាញ់​រ៉ុក្កែត​ជា​ការឆ្លើយតប​ទៅនឹង​ការសម្លាប់​សមាជិក​របស់ខ្លួន​៕

​ជនជាតិ​ប៉ាឡេ​ស្ទីន​កំពុងសែង​សាកសព​អ្នក​ដែល​ទាហាន​អ៊ីស្រាអែល​សម្លាប់​ក្នុង​ពិធី​បុណ្យ​សព​នៅ​វេស​ប៊ែង