​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់​(Imran Khan)​រង​របួស​ជើង​ក្រោយ​រង​ការបាញ់ប្រហារ​នៅ​កន្លែង​ជួបជុំ​នយោបាយ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អ្វី​​ដែល​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ចាត់ទុកថា​ជា​«​ការប៉ុនប៉ង​ធ្វើឃាតសាហាវ​»​មួយ​។​

​ខាន់​កំពុង​នៅលើ​រថយន្ត​ដង្ហែ​ក្បួន​ពេល​រង​ការបាញ់ប្រហារ​

​ខាន់​ត្រូវ​គ្រាហ៍​ចេញ​ក្រោយ​រង​ការបាញ់ប្រហារ​

​អតីត​តារា​កីឡាគ្រី​ឃីត​អន្តរជាតិ​រូបនេះ​បាន​កំ​ពុង​ដឹកនាំ​ក្បួន​មនុស្ស​ដ៏​អ៊ូអែ​រាប់ពាន់នាក់​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មកដោយចេញដំណើរចាប់​ពី​ទីក្រុង​ឡាហ័​រ​(Lahore)​ទៅកាន់​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត ក្នុងការ​ធ្វើ​​យុទ្ធនាការ​ទាមទារ​អោយមាន​ការបោះឆ្នោត​ជា​ថ្មី​ក្រោយ​ពី​រូបលោក​ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​កាលពី​ខែ​មេសា​។​

​ជន​វាយប្រហារ​អះអាង​ប្រាប់​ប៉ូលិស​ថា​ខ្លួន​ធ្វើ​វា​តែឯង ដោយសារ​ខឹង​នឹង​ក្បួន​យុទ្ធនាការ​តម្លង់​នេះ​

​ជំនួយការ​ជាន់ខ្ពស់​លោ​ក រ៉ា​អ៊ូ​ហ្វ ហាសាន​(Raoof Hasan)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​« នេះ​ជា​ការប៉ុនប៉ង​ធ្វើឃាត​គាត់ សម្លាប់គាត់​»​។​

​លោក​ខាន់​បាន​រួចផុត​ពី​ការប៉ង​យក​ជីវិត​ដោយ​គ្រាប់កាំភ្លើង​ត្រូវ​កំភួនជើង​របស់លោក នៅពេល​មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​ប៉ា​គី​ស្ថាន តេ​រីក​-​អ៊ី​-​អ៊ី​ន​សាហ្វ​(PTI)​របស់​លោកខ្លះ​ត្រូវ​គ្រាប់កាំភ្លើង​បាញ់រះ​​លើ​រថយន្ត​មួយ​នៅពេល​វា​ធ្វើ​ដំណើរ​យឺតៗ​កាត់​ហ្វូង​មនុស្ស​នៅក្បែរ​ទីក្រុង​ហ្គូ​រ៉ា​ន់​វ៉ា​ឡា​(Gujranwala)​។​

​សមាជិកសភា​គណបក្ស​ប៉ា​គី​ស្ថាន តេ​រីក​-​អ៊ី​-​អ៊ី​ន​សាហ្វ​(PTI)​របស់លោក​ខាន់​រងរបួស​

​មនុស្ស​ប្រាំមួយ​នាក់​បាន​ត្រូវ​គ្រាប់កាំភ្លើង និង​អ្នកគាំទ្រ​ម្នាក់​បាន​ស្លាប់​។​

​ក្នុងការ​បង្ហោះ​សារ​មួយ ប្រធានាធិបតី អា​រី​ហ្វ អាល់​វី​( Arif Alvi)​បាន​ហៅ​វា​ថា​ជា​«​ការប៉ុនប៉ង​ធ្វើឃាត​ដ៏​សាហាវ​»​មួយ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្នុងពេល​ជាមួយគ្នា បាន​និយាយថា​ជន​វាយប្រហារ​ត្រូវ​បាន​ជាប់​ខ្លួន​ហើយ​ចម្លើយ​សារភាព​ក្នុង​វីដេអូ​ត្រូវ​បាន​បង្ហោះ​តាម​អន​ឡា​ញ​។​ខ្មាន់កាំភ្លើង​បាន​អះអាង​ថា​ខ្លួន​បាន​ធ្វើ​ដូច្នេះ​ដោយសារ​​លោក​ខាន់​«​ដឹកនាំ​សាធារណជន​ខុស ខ្ញុំ​ព្យាយាម​សម្លាប់​គាត់ ..»​។​

​ជនល្មើស​បន្ថែមថា ខ្លួន​ខឹង​នឹង​ក្បួន​ដង្ហែ​លេងភ្លេង​តម្លង់​ក្នុងអំឡុង​អំពាវនាវ​អោយ​សាសនិក​អ៊ីស្លាម​ទៅ​បន់ស្រន់​នៅ​ព្រះវិហារ​ប្រាំ​ដង​ក្នុង​មួយថ្ងៃ​។​

​ប៉ូលីស​នៅ​មិនទាន់​បញ្ជាក់ថា​ពិត​ឬ​អត់​ចំពោះ​របាយការណ៍​ដែលថា ជន​វាយប្រហារ​ទី​ពីរ​ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង​។​

​ហ្វាយ​សា​ល់ ស៊ុល​តង់​(Faisal Sultan)​គ្រូពេទ្យ​ដែល​ព្យាបាល​ខាន់​នៅ​មន្ទីរពេទ្យក្រុង​ឡាហ័​រ បានបញ្ជាក់​ថា​ស្ថានភាព​របួស​របស់​លោក​ខាន​នឹងន​ទេ​និង​ពេទ្យ​បាន​ធ្វើ​ការវះកាត់​ជើង​របស់​លោក​ទាំង​​យប់​។​

​ការវាយប្រហារ​នេះ​បង្ក​ការ​ថ្កោលទោស​ជា​អន្តរជាតិ រួម​ទាំង​ពី​អាម៉េរិក ដែល​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខាន់​កាលពី​លោក​នៅ​កាន់អំណាច​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​អំពើហិង្សា​មិន​មាន​កន្លែង​ក្នុង​នយោបាយ​ទេ ហើយ​យើង​អំពាវនាវ​អោយ​គ្រប់​ភាគី​អត់ធ្មត់​កុំ​ប្រព្រឹត្ត​អំពើហិង្សា​​ការរំខាន​និង​បំភិតបំភ័យ​។​អាម៉េរិក​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ប៉ា​គី​ស្ថាន​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​និង​សន្តិភាព​មួយ ហើយ​យើង​ឈរ​នៅ​ជាមួយ​ប្រជាជន​ប៉ា​គី​ស្ថាន​»​។​

​សូមបញ្ជាក់​ថា ប៉ា​គី​ស្ថាន​បាននិងកំពុង​ប្រឈម​ដោះស្រាយ​នឹង​ការបះបោរ​របស់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​រាប់​ទសវត្សរ៍ និង​អ្នកនយោបាយ​តែង​ជា​មុខសញ្ញា​នៃ​ការប៉ុនប៉ង​ធ្វើឃាត​។​ការវាយប្រហារ​លើ​ខាន់​​ឆ្លុះបញ្ចាំង​ការធ្វើឃាត​កាលពី​ឆ្នាំ​២០០៧​លើ​អតីត​នាយករដ្ឋមន្ត្រី បេណា​ហ្សៀ ប៊ុត​តូ​(Benazir Bhutto)​ដែល​បាន​ស្លាប់​ពេល​គ្រា​ប់បែកផ្ទុះ​ក្បែរ​រថយន្ត​របស់​លោក​ស្រី​នៅ​ទីក្រុង​រ៉ា​វ៉ាល់​ពី​ន​ឌី​(Rawalpindi )​ក្នុងពេល​លោកស្រី​អើតចេញពីឡានស្វាគមន៍​អ្នកគាំទ្រ​។​

​ខាន់​បាន​ជាប់ឆ្នោត​ចូល​កាន់​អំណាច​នៅ​ឆ្នាំ​២០១៨​ជាមួយនឹង​កម្មវិធី​នយោបាយ​ប្រឆាំង​អំពើពុករលួយ​ចំ​ពេល​អ្នក​បោះឆ្នោតធុញទ្រាន់​នឹង​នយោបាយ​ប្រចាំត្រកូល​។​តែ​ការដឹកនាំ​សេដ្ឋកិច្ច​ខុស​របស់លោក​នាំអោយ​លោក​ធ្លាក់ចុះ​ប្រជាប្រិយភាព ហើយ​នៅ​ទីបំផុត​សភា​បាន​បោះឆ្នោត​ទម្លាក់​លោកកាលពី​ខែ​មេសា​តែលោកចោទប្រកាន់ថាវាជាល្បិចកលសមគំនិតជាមួយកម្លាំងបរទេសដើម្បីកំចាត់លោកចេញពីអំណាច៕

​អ្នកគាំទ្រ​ខាន់​ចេញមក​ថ្កោលទោស​ការបាញ់ប្រហា​រទាំ​ង​យប់​