​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អធិកា​ប​តី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ ស្កូ​ល​(Olaf Scholz)​បាន​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ ក្នុងការ​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ តែប្រ​​ឈម​ការរិះគន់​អំពី​ការពឹង​ខ្លាំងពេក​លើ​ចិន​ដែល​ស្ថិតក្រោម​ការដឹកនាំ​កាន់តែ​ផ្តាច់ការ​របស់ ស៊ី ជីន​ភីង​។​

​លោក​ស្កូល ជា​មេដឹកនាំ​ក្រុម​ប្រទេស​G7​លើកដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ចិន​ចាប់តាំងពី​ពេល​ពិភពលោក​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​បណ្តាល​អោយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ពីរ​នេះ​បិទ​ព្រំដែន​របស់​​ខ្លួន​។​

​អម​ដោយ​នាយក​ប្រតិបត្តិ​កំពូលៗ មេដឹកនាំ​អាល្លឺម៉ង់​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស៊ី និង​នាយករដ្ឋមន្ត្រី លី ឃឹ​ឈៀង នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់លោក​។​​តែ​ដំណើរ​នេះ​បង្ក​ការប្រទូសរ៉ាយ បន្ទាប់ពី​លោក​ស៊ី​ពង្រឹង​ការកាន់កាប់​អំណាច​និង​ភាព​តានតឹង​កើន​ខ្ពស់​រវាង​លោក​ខាងលិច​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដោយសារ​បញ្ហា​ចាប់ពី​តៃវ៉ាន់​ដល់​ការរំលោភ​​សិទ្ធិមនុស្ស​។​

​ការ​ពឹងពាក់​ខ្លាំងពេក​របស់​ឧស្សាហកម្ម​អាល្លឺម៉ង់​លើ​ចិន ក៏​កំពុង​រង​ការ​ពិនិត្យពិច័យ​ជាថ្មី នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​កំពុង​រងគ្រោះ​ពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​និងក្រោយពេល​រដ្ឋាភិបាល​ទីក្រុ​ង​មូ​ស្គូ​​បិទ​ការបញ្ជូន​ប្រេង​ទៅកាន់​អឺរ៉ុប​។​

​មធ្យោបាយ​របស់​ស្កូល នៅ​តែ​បញ្ជាក់​ក្រោម​គំនិត​ដែលថា «​យើង​ចង់​រក្សា​ធុរកិច្ច​ជាមួយ​ចិន មិន​ថា​វា​ប៉ះពាល់​ដល់​ឯករាជ្យភាព​សេដ្ឋកិច្ច​របស់​យើង​យ៉ាងណា​ទេ​និង​សំរាប់​លទ្ធភាព​ចាត់ការ​របស់​យើង​»​នេះ​​បើ​តាម​សមាជិកសភា​ប្រឆាំង​អាល្លឺម៉ង់​ម្នាក់​ប្រាប់​កាសែត​រ៉ែ​ន​នី​ស ផូស​(Rheinische Post)​។​

​ការព្រួយបារម្ភ​អំពី​ចិន​ក៏​ចេញពី​ក្រុមចំរុះ​កំពុងកាន់​អំណាច​ផងដែរ ដោយ​រដ្ឋមន្ត្រី​ការបរទេស អាន់​ណា​ឡេ​ណា ប៊ែរ​បុក​(Annalena Baerbock)​បាន​និយាយថា កំហុស​ពី​អតីតកាល​ជាមួយ​រុស្ស៊ី​មិនត្រូវ​​ធ្វើអោយ​មាន​ជា​ថ្មី​ទេ​។​

​បញ្ហា​រសើប​មួយ​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន​អំពី​ថា​តើ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ចិន​ទិញ​ភាគហ៊ុន​នៅ​ចំណត​កំពង់ផែ​ក្រុង​ហាំ​ប៊ឺក​(Hamburg )​ដែរឬទេ​។​នៅ​ទីបំផុត​លោក​ស្កូ​លបាន​មិន​ស្តាប់​ការអំពា​វ​នាវ​​ពី​រដ្ឋមន្ត្រី​៦​រូប ដើម្បី​វ៉េតូ​ប្រឆាំង​ការលក់​កំពង់ផែ​នេះ​ដោយសារ​តែ​ការបារម្ភ​អំពី​សន្តិសុខ​។​លោក​បាន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ទទួលបាន​ភាគហ៊ុន​ក្នុង​ចំនួន​តិច​ជាង​មុន​។​

តាមពិត​សេដ្ឋកិច្ច​អាល្លឺម៉ង់​និង​ចិន​កាន់តែ​ត្របាញ់​បញ្ចូល​គ្នា ដោយ​អ្នកខ្លះ​នៅ​ក្រុង​ប៊ែរ​ឡាំង​មើលឃើញ​វាថា​មាន​សារសំខាន់​ជាពិសេស នៅពេល​អាល្លឺម៉ង់​កំពុង​ជួប​វិបត្តិ​ថាមពល​បង្កឡើង​ដោយ​សង្គ្រាមអ៊ុ​យក្រែន​​និង​សេដ្ឋកិច្ច​ធ្វើដំណើរ​ទៅ​រក​កំណើន​អវិជ្ជមាន​។​

សូមបញ្ជាក់ថា ​ចិន​ជា​ទីផ្សារ​ធំ​មួយ​សំរាប់​ទំនិញ​អាល្លឺម៉ង់ ចា​ប់ពី​គ្រឿង​ម៉ាស៊ីន រហូត​ដល់​រថយន្ត​ដូចជា​ម៉ាក​Volkswagen, BMW និង Mercedes-Benz​។​

​មេដឹកនាំ​សេដ្ឋកិច្ច​ប្លុក​អឺរ៉ុប​នេះ​បាន​ការពារ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន ដោយ​អះអាង​ថា​កិច្ចពិភាក្សា​ផ្ទាល់​ជាមួយ​ក្រុម​មេដឹកនាំ​ចិន​«​សុទ្ធតែ​មាន​សារសំខាន់​»​ក្រោយ​ការផ្អាក​មួយ​រយៈពេល​ធំ​ដោយសារ​​ជំងឺឆ្លង​។​

​នៅ​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ចាវ លី​ជៀន បាន​និយាយថា​ចិន​ទន្ទឹងរង់ចាំ​«​ដំណើរ​ទស្សនកិច្ច​ដ៏​ជោគជ័យ​»​មួ​យ​និង​ថា​«​កិច្ចសហការ​ទៅ​ហួស​ពី​ការប្រកួតប្រជែង​»​រវាង​​ប្រទេស​ទាំង​ពីរ​៕

​អធិកា​ប​តី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ ស្កូ​ល ចេញដំណើរ​ពី​អាល្លឺម៉ង់​និង​ត្រូវ​ទៅ​ដល់​ចិន​នៅ​ថ្ងៃ​សុក្រ​