​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg)​បាន​ជំរុញ​ឱ្យ​តួ​ក​គី​ទុក​ទៅ​មួយ​ផ្នែក​នូវ​ការ​ដាក់​​លក្ខខណ្ឌ​របស់​ខ្លួន​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ដើម្បី​ចូលរួម​សម្ពន្ធភាព​យោធា​នេះ ដោយ​ទទូច​ថា ប្រទេសជិតខាង​តំបន់ន័​រ​ឌី​ក (Nordic)​ទាំងពីរ​បាន​ធ្វើ​គ្រប់គ្រាន់​ហើយ​​ដើម្បី​បំបាត់​ក្តី​កង្វល់​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​អំពី​សមាជិកភាព​របស់​ពួកគេ​។​

​ហ្វាំង​ឡង់​និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​នៃ​សម្ពន្ធ​សន្តិសុខ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ក្នុងពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​កងកម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។ ក្នុងការ​ធ្វើ​ដូច្នេះ ពួកគេ​បាន​បោះបង់​ចោល​គោលនយោបាយ​ជា​យូរ​មក​ហើយ​នៃ​ការ​មិន​ចូល​សម្ពន្ធ​យោធា ដោយសារ​តែ​ព្រួយបារម្ភ​ថា​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​កំណត់​គោលដៅ​បន្ទាប់​លើ​ពួកគេ​។​

​ប៉ុន្តែ​តួ​ក​គី ដែល​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ក្នុង​ឆ្នាំ ១៩៥២ នៅតែ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​គាំទ្រ​ពួកគេ បន្ទាប់​ពី​ការចរចា​ត្រីភាគី​ជា​ច្រើន​ខែ​។​រដ្ឋាភិបាល​តួ​ក​គី​ចង់ឱ្យ​ពួកគេ​បង្ក្រាប​បុគ្គល​ដែល​​ខ្លួន​ចាត់ទុកថា​ជា​ភេរ​វករ ដូច​ជា​អ្នកគាំទ្រ​គណបក្ស​ពលករ​ឃឺ​ដ ដែល​ត្រូវបាន​ដាក់​នៅ​ក្រៅច្បាប់ និង​មនុស្ស ដែល​សង្ស័យ​ថា​បាន​រៀបចំ​រដ្ឋប្រហា​រប​រា​ជ័យ​ឆ្នាំ ២០១៦ នៅក្នុង​ប្រទេស​តួ​ក​គី​។​

​លោក​ស្តូល​ធិន​បឺក​បានប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួ​ក​គី មេ​វ​លូត កា​វូ​សូ​គ្លូ (Mevlut Cavusoglu)​ថា​”​ហ្វាំង​ឡង់​និង​ស៊ុយអែត​​បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​តួ​ក​គី​។ ពួកគេ​បាន​ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​រួមគ្នា​របស់​យើង​នៅ​គ្រប់​ទម្រង់​និង​គ្រប់​សកម្មភាព​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា “​វា​ដល់ពេល​ដែល​ត្រូវ​ស្វាគមន៍​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ក្នុងនាម​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ណា​តូ​ហើយ​។​ការចូល​ជា​សមាជិក​របស់​ពួកគេ​នឹង​ធ្វើឱ្យ​សម្ពន្ធភាព​របស់​​យើង​កាន់តែ​រឹងមាំ​និង​ប្រជាជន​របស់​យើង​កាន់តែ​មាន​សុវត្ថិភាព​។ នៅក្នុង​ពេលវេលា​ដ៏​គ្រោះថ្នាក់​នេះ​វា​កាន់តែ​មាន​សារៈសំខាន់​ក្នុងការ​បង្ហើយ​សព្វគ្រប់​នូវ​ការ​ចូល​ជា​សមាជិក​របស់​ពួកគេ​ដើម្បី​​ទប់ស្កាត់​ការយល់ច្រឡំ​ឬ​ការ​គណនា​ខុស​ណាមួយ​នៅក្នុង​ទីក្រុង​មូ​ស្គូ​”​។​

​ទោះយ៉ាងណា លោក​កា​វូ​សូ​គ្លូ​បាន​និយាយថា កាលវិភាគ​សម្រាប់​ការទទួលយក​ពួកគេ​ជា​សមាជិក​ថ្មី​នឹង​អាស្រ័យ​លើ​ពេល​ដែល​ការទាមទារ​របស់​តួ​ក​គី ដែល​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​អនុស្សរណៈ​រួមមួយ ត្រូវបាន​បំពេញ​។ អនុស្សរណៈ ១០ មាត្រា ត្រូវបាន​បង្ហាញ​នៅ​មុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​ក្នុង​ខែមិថុនា បន្ទាប់​ពី​តួ​ក​គី​បាន​គំរាម​ជាច្រើន​សប្តាហ៍​ក្នុងការ​វេតូ​ពាក្យ​សុំ​ចូល​របស់​ស៊ុយអែត និង​ហ្វាំង​ឡ​ង់​៕

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជែន ស្តូល​ធិន​បឺក (​ឆ្វេង​) ចាប់ដៃ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី មេ​វ​លូត កា​វូ​សូ​គ្លូ ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា ឆ្នាំ​២០២២​