​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកស្រុក​ចំនួន ២០ លាន​នាក់​របស់​ទីក្រុង​ដេល្លី បាន​ដកដង្ហើម​ស្រូប​ផ្សែង​កខ្វក់​សុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា ខណៈ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​(AQI)​បាន​​ឈាន​ដល់​ប្រភេទ “​ធ្ងន់ធ្ងរ​” និង “​គ្រោះថ្នាក់​” នៅក្នុង​ស្ថានីយ​ត្រួតពិនិត្យ​ស្ទើរតែ​ទាំងអស់​នៃ​រដ្ឋធានី​របស់​ឥណ្ឌា ជាហេតុ​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​បិទ​សាលារៀន​។​

AQI​បាន​កើនឡើង​លើស​ពី ៤៥០ នៅ​កន្លែង​ជាច្រើន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ការបំពុល​ខ្យល់​។ រដ្ឋាភិបាល​សហព័ន្ធ​បាន​និយាយថា ការអាន​លើសពី ៤០០ គឺ​ប៉ះពាល់​ដល់​មនុស្ស​ដែល​មាន​សុខភាព​ល្អ ជាមួយនឹង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ស្រាប់​។​

​ស​ន្ទ​ស្សន៍​នេះ​បាន​លើស​ពី ៨០០ នៅក្នុង​តំបន់​មួយចំនួន​នៃ​ទីក្រុង នេះ​បើ​យោង​តាម​ការរកឃើញរ​បស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការបំពុល​ខ្យល់​របស់​ទីក្រុង​ដេល្លី​។​

​ដោយ​មាន​ការ​ព្រួយ​បារ​ម្មណ៍​អំពី​ការបំពុល​ខ្យល់​ក្នុង​កម្រិត​ខ្ពស់​មិន​ធម្មតា​នៅ​ក្នុង​ទីក្រុង​ដេល្លី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ការបំពុល​សហព័ន្ធ​របស់​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​ហាមឃាត់​រថយន្ត​​ប្រើ​ម៉ា​ស៊ូ​ត​ដែល​ដឹក​ទំនិញ​មិន​សំខាន់​ចូលទៅ​ក្នុង​រដ្ឋធានី​។​

​អ្នកនិពន្ធ​និង​ជា​ជន​សង្គម​និយម លោក ស៊ូ​ហ៊ែ​ល សិត (Suhel Seth)​បាន​សរសេរ​នៅលើ Twitter ថា “​អ្វី​ដែល​កំពុង​កើត​ឡើង​ជាមួយ​នឹង​ការ​បំពុល​បរិយាកាស​នៅ​ទីក្រុង​ដេល្លី​គ្មាន​អី​ខុស​​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះឡើយ​!​។ មានការ​ដួលរលំ​ទាំងស្រុង​នូវ​ការទទួលខុសត្រូវ​!”​។​

​រដ្ឋធានី ដែល​មាន​ការបំពុល​ខ្យល់​ខ្លាំង​បំផុត​របស់​ពិភពលោក​មួយ​នេះ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ជា​រៀង​រាល់​រដូវរងា ខណៈ​អាកាសធាតុ​ត្រជាក់ ខ្យល់​ខ្លាំង​បក់​នាំ​ធូលី​សំណង់​ការបំភាយ​​ឧស្ម័ន​ពី​យានយន្ត និង ផ្សែង​ពី​ការដុត​កញ្ច្រាំង​ស្រូវក្នុង​រដ្ឋ​ជិត​ខាង​ដើម្បី​យក​ដី​ដាំ​ដំណាំ​បន្ទាប់បន្សំ ប្រមូលផ្តុំ​គ្នា​បង្កើត​ជា​ផ្សែង​អ័ព្ទ​មិន​ហុយ​ឡើង​លើ​ឆាប់រហ័ស​៕

​ខ្យល់អាកាស​ក្នុង​ក្រុង​ដេល្លី​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​កាលពី​ថ្ងៃ​៣​វិច្ឆិកា​