ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡដ្ឋានចំនួន៣ ត្រូវបានក្រុមមន្រ្តីបច្ចេកទេស សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ត្រីសម្របសម្រួល គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ពិនិត្យពីសក្ដានុពល សម្រាប់រៀបចំការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ហេដ្ឋារចនាសម្ព័ន្ធទាំង៣ នោះ មានពហុកីឡដ្ឋានជាតិ មរតកតេជោ កីឡដ្ឋានស្មាត អរ អេស ងិន និង កីឡដ្ឋានព្រីនស៍។ ចំពោះពហុកីឡដ្ឋានស្ដាតអូឡាំពិក ដែលកំពុងតែ កែលម្អពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ និងបំពាក់កៅអីថ្មីនោះ ក៏ជាកន្លែងសម្រាប់ ប្រកួតកីឡា ជាច្រើនប្រភេទ ដែលក្នុងនោះ ក៏មានបាល់ទាត់ដែរ ។

ក្រៅពីការពិនិត្យរបស់មន្រ្តីបច្ចេកទេសកម្ពុជានោះ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនខេមបូឌាន ព្រីមៀរលីគ ក៏បានអញ្ជើញមន្ត្រីជំនាញ មកពីសហព័ន្ធកីឡា បាល់ទាត់ទ្វីបអាស៊ី (AFC) មកត្រួតពិនិត្យ និងវាយតម្លៃកីឡដ្ឋាន ដែលអាចមាន លក្ខណៈបច្ចេកទេស សម្រាប់រៀបចំការប្រកួតអន្តរជាតិផ្លូវការ និងត្រៀមរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបង្ហាញ និងជួយកែសម្រួលពីចំណុច ខ្វះខាត ដើម្បីបំពេញបន្ថែម ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ការត្រួតពិនិត្យកីឡដ្ឋាននេះ ធ្វើឡើងដោយលោក Abang Zulkarnain Bin Abang Abdurahman មកពីប្រទេសម៉ាឡេស៊ី ដែលជាមន្ត្រីបច្ចេកទេស មកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)៕ V / N