ដោយៈ គង់ហេង / កំពង់ចាម៖ ជនរងគ្រោះដែលបានស្លាប់ ដោយសារពុលស្រា ស កម្រិតធ្ងន់ចំនួន បី នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ចំនួន ប្រាំលាន រៀល និង អ្នកពុលកម្រិតស្រាល ចំនួន ៦៦ នាក់ ទទួលបានម្នាក់ ចំនួន ៦០ ម៉ឺនរៀល។ នេះបើ តាមការឱ្យដឹងពីលោក ទួច ឆៃ ជានាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម កាលពីថ្ងៃទី ៣ វិច្ឆិកា ម្សិលមិញ។

លោកនាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថាៈ ការផ្តល់ជូន ប្រាក់ឧបត្ថម្ភ ដល់ជនរងគ្រោះ ដោយការពុលស្រាទាំង ៦៩ នាក់ គឺធ្វើឡើងនៅក្នុង ចម្ការចេក ស្ថិតក្នុងភូមិ ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តនេះ និងសហការី ជាច្រើនរូប។

លោកបានបន្តថាៈ ក្នុងនោះ សម្រាប់គ្រួសារអ្នកស្លាប់ ចំនួន បីគ្រួសារ ទទួលបានប្រាក់ ឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកាចំនួន មួយលាន រៀល អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ពីរ កេស ទឹកក្រូច ពីរ កេស ត្រីខ ២០កំប៉ុង មី ពីរ កេស និងទឹកប្រាក់ឧបត្ថម្ភ ពីខាងក្រុមហ៊ុន ឡុង ស្រេង ចំនួន បួនលាន រៀល ក្នុងមួយគ្រសារ។ ដោយឡែក កម្មកររងគ្រោះពុលស្រា កម្រិតស្រាល ចំនួន ៦៦ នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២០ម៉ឺនរៀល អង្ករ ៥០ គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ឃីតមួយកញ្ចប់ និងអាវយឺត ប្រាំមួយ ហើយខាងក្រុមហ៊ុន ឡុង ស្រេង ផ្តល់ជូនទឹកប្រាក់ ៤០ ម៉ឺនរៀល ក្នុងម្នាក់៕ V / N