ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំនាយបេសកកម្ម និងសន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ នៅ សាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមានការចូលរួម ពីអ្នកតំណាង ២៥ រាជាធនី ខេត្ត ក្រសួង ៣ ព្រមទំាងសហព័ន្ធកីឡាជាតិ ទំាង ៣៨ ។

លោក ស សុខា បានមានប្រសាសន៍ថាៈ ការប្រកួតកីឡាជាតិ លើកទី៣នេះ គឺជា ព្រឹត្តិការណ៍ដ៏ធំ ដើម្បីឲ្យយើងដកស្រង់បទពិសោធន៍ ក្នុងការត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។ យើងត្រូវរៀបចំឲ្យល្អប្រសើរ និងម៉ត់ចត់ ក្នុងឱកាសពិធីបើកការប្រកួត នឹងប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡ ដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

លោកបានបន្តថាៈ កីឡាករ-កីឡាការិនី ត្រូវចូលរួមប្រកួត ទាំងអស់គ្នា កុំគិតថា ទាន់តែឈ្នះមេដាយ ទើបប្រកួត ពីព្រោះការប្រកួតលើកនេះ ជាការធ្វើតេស្តិ៍ក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ឈរនៅកម្រិត និងបច្ចេកទេសកម្រិតណា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដោយសារក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ទៅហ្វឹកហាត់ រយៈពេល ១៨០ ថ្ងៃ នៅប្រទេសចិន។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថាៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិ ចំនួន ៣៨ រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន៧ ដែលមានវិញ្ញាសា ៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹតិ្តការណ៍ថាៈ ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ ឆ្នាំនេះមាន ៣៨ ប្រភេទកីឡា លើវិញ្ញាសា ៣៥៦ វិញ្ញាសា ដោយមានការចូលរួម រាជធានី ខេត្ត ទំាង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសរុបចំនួន ៤.៣៣៨ នាក់ ក្នុងនោះ ប្រតិភូ អ្នកដឹកនាំ និងគ្រូបង្វឹកចំនួន ១.០១៦ នាក់ កីឡាករ ២.១១៨ នាក់ និងកីឡាការិនី ១.២០៣ នាក់ ។ ចំណែកកីឡាប៉ារ៉ាហ្គេម មានចំនួន ២២២ នាក់ ៧ ប្រភេទកីឡា លើវិញ្ញាសា ៤៩ វិញ្ញាសា ប្រតិភូ អ្នកដឹកនាំ និងគ្រូបង្វឹក ចំនួន ៣៩ នាក់ កីឡាករ ១៣១ នាក់ និងកីឡាការិនី ៥៥ នាក់ ៕ V / N