ដោយ: បូកគោ / កំពត: ការរស់នៅប្រកបដោយក្តីសុខដុមរម្យនា ឬទទួលរងគ្រោះ ដោយបាតុភូតធម្មជាតិ អាស្រ័យលើទង្វើផ្ទាល់របស់មនុស្ស ដែលជាផលជះត្រឡប់ មកវិញ។ នេះជាការក្រើនរំលឹករបស់ថ្នាក់ដឹកនាំ ក្នុងពិធីផ្សព្វផ្សាយច្បាប់ជូនដល់ សិស្សានុសិស្ស ជិត ២០០ នាក់ នៅ​វិទ្យាល័យ​ហ៊ុនសែន ព្រែកត្នោត ក្រុងបូកគោ ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ស៊ុំ រុំ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថាៈ បរិស្ថានជាកត្តា សំខាន់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្ស សត្វ រុក្ខជាតិ លើភពផែនដី។ ក្តីសុខដុមរម្យនា ឬភាពរងគោះផ្តើមចេញពីបាតុភូតធម្មជាតិ អាស្រ័យលើទង្វើ នៃកិច្ចថែរក្សា ឬការបំផ្លិចបំផ្លាញបរិយាកាសជុំវិញខ្លួនផ្ទាល់។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ នឹងជួយដល់ក្មួយៗ ឲ្យបានយល់ដឹង ពីការលើកកម្ពស់ គុណភាព វិធីទប់ស្កាត់ យុទ្ធសាស្ត្រកាត់បន្ថយ និងកិច្ចត្រួតពិនិត្យការបំពុលបរិស្ថាន ជាដើម។ វគ្គផ្សព្វផ្សាយនេះ ជាផ្នែកមួយជួយលើកទឹកចិត្ត និងផ្តល់លទ្ធភាពជូន សាធារណជន បានចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ទាំងឡាយ។

ស្របតាមខ្លឹមសារខាងលើ លោក សេន សាប៊ីល អភិបាលរងខេត្តកំពត បានមាន ប្រសាសន៍ថាៈ ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិដ៏សំខាន់ ក្នុងការផ្តល់ជាចំណូល សម្រាប់កិច្ចអភិវឌ្ឃន៍សង្គកិច្ចជាតិ។ បន្ថែមលើនេះ ធនធានធម្មជាតិ ជាផ្នែកមួយនៃ បរិស្ថាន ដែលមានតម្លៃដល់ជីវិតមនុស្ស សត្វនៅលើភពផែនដី។

លោកអភិបាលរងខេត្ត បានបន្តថាៈ ការបំផ្លាញបរិស្ថាន នឹងធ្វើឲ្យជីវិតមនុស្ស សត្វ រុក្ខជាតិ រងក្តីវិនាសអន្តរាយ នាពេលអនាគត មិនអាចជៀសផុតឡើយ។ ម្ល៉ោះហើយ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សូមប្អូនៗនាំយកចំណេះដឹងទាំងប៉ុន្មាន ទៅបញ្រ្ជាបផ្សព្វផ្សាយ ជូនបងប្អូន ពូមីង និងអ្នកជិតខាង ដើម្បីសហគមន៍ពោរពេញ ដោយបរិស្ថានល្អស្រស់បំព្រង៕ V / N