​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា​បាន​ប្រកាស​ផ្តល់ប្រាក់​ចំនួន ៥​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​តាម​ចាប់ខ្លួន​ពាណិជ្ជករ​សិង្ហ​បុរី​ម្នាក់​ដែល​ត្រូវ​​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង រួម​ទាំង​តាមរយៈ​ការដឹកជញ្ជូន​ប្រេង​នៅ​លើ​កប៉ាល់​ដឹក​ប្រេង​រឹបអូស​បាន​មួយ​គ្រឿង​កាលពី​ឆ្នាំមុន​។​

​រង្វាន់​នេះ​ត្រូវបាន​ប្រកាស​ឡើងខ​ណៈស​ហ​រដ្ឋ​អាម៉េរិក​ជំរុញ​ឱ្យ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​យ៉ាង​តឹងរ៉ឹង​លើ​កូរ៉េខាងជើង បន្ទាប់​ពី​ខ្លួន​បាន​បាញ់​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​រួមទាំង​កាំ​ជ្រួច​​មួយ​ធ្លាក់​នៅ​ជិត​ដែនទឹក​របស់​កូរ៉េខាងត្បូង​។​

​ក្រសួងការបរទេស​ផ្តល់​ជូន​ថវិកា​ដល់​ទៅ​៥​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ព័ត៌មាន​អំពី​លោក ក្វេក គី សេង (Kwek Kee Seng)​។​គាត់​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​ការ​ចែកចាយ​ប្រេងឥន្ធនៈ​ជាច្រើន​ទៅ​​កាន់​កូរ៉េខាងជើង​និង​ការផ្ទេរ​ពី​កប៉ាល់​ទៅ​កប៉ាល់ ក៏​ដូច​ជា​ការ​លាងលុយកខ្វក់​តាមរយៈ​ក្រុមហ៊ុន​មាន​តែ​ឈ្មោះ​តែ​គ្មាន​សកម្មភាព​ជាច្រើន​។​

​រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ ២០២១ បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ក្វេក មួយ​ឆ្នាំ​គត់​បន្ទាប់ពី​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​គាត់​ឈ្មោះ M/T Courageous​ត្រូវបាន​កម្ពុជា​រឹបអូស​​តាម​សំណើ​របស់​សហរដ្ឋ​អាម៉េរិក​ជុំវិញ​ការបំពាន​ទណ្ឌកម្ម​។​

​លោក​ក្វេក​អាយុ ៦២ ឆ្នាំ​ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន Swanseas Port Services ក្នុងប្រទេស​សិង្ហ​បុរី​។​

​កម្មវិធី​រង្វាន់​សម្រាប់​យុត្តិធម៌​របស់​ក្រសួង​ការបរទេស​បាន​ឱ្យដឹងថា ទីតាំង​ពិតប្រាកដ​របស់​គាត់​មិន​ត្រូវ​បានដឹង​ទេ ហើយ​គាត់​ក៏​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង កម្ពុជា តៃវ៉ាន់ និង​ថៃ ក៏ដូចជា​កា​មេ​រូ​ន និង​ប្រទេស​តូច​មួយ​នៅ​តំបន់​កា​រ៉ា​អ៊ី​ព គឺ​សេន​ឃី​ត​និង​ណេ​វីស (Saint Kitts and Nevis)៕

លោក​ក្វេក​កំពុងតា​មចាប់ខ្លួន​ដោយ​អាម៉េរិក​ពី​បទ​រំលោភ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង មួយ​ឆ្នាំ​គត់​បន្ទាប់ពី​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​គាត់​ឈ្មោះ M/T Courageous​ត្រូវបាន​កម្ពុជា​រឹបអូស​