​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​អាល្លឺម៉ង់​បាន​រក្សាទុក​ការផ្តន្ទាទោស​អតីត​កីឡាករ​បាល់ទាត់ Manchester City ជើ​រ៉ូម បូ​តេង (Jerome Boateng)​ពី​បទ​វាយប្រហារ​​អតីត​មិត្តស្រី​របស់គាត់​ក្នុង​ឆ្នាំ ២០១៨ និង​បាន​បង្គាប់​ឱ្យ​កីឡាករ​បាល់ទាត់​រូប​នេះ​បង់ប្រាក់​ពិន័យ​ចំនួន ១ លាន​ផោន​។​

​បូ​តេង អាយុ ៣៤ ឆ្នាំ ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​កាលពី​ឆ្នាំ​មុន​ពី​បទ​ខាំ​និង​ដាល់​អតីត​គូ​ដណ្តឹង នាង សឺ​រី​ន សេនល័​រ (Sherin Senler)​ក្នុងអំឡុង​វិស្សមកាល​នៅ​តំបន់​កា​រ៉ា​អ៊ី​ព​កាលពី​​បួន​ឆ្នាំ​មុន​។​

​នាង​សេនល័​រ ជា​ម្តាយ​របស់​កូនស្រី​ភ្លោះ​របស់​បូ​តេង ឈ្មោះ សូ​ឡេ (Soley) និង ឡា​មៀ (Lamia) បាន​ប្រាប់​តុលាការ​អំឡុង​ពេល​សវនាការ​ថា​កីឡាករ​បាល់ទាត់​រូបនេះ​បាន​ខាំ​នាង​និង​ព្រួស​​ឈាម​ពេញ​មុខ​នាង ហើយ​ដាល់​នាង​ចំ​ក្រលៀន​យ៉ាង​ខ្លាំង​រហូត​នាង​មិន​អាច​ដកដង្ហើម​បាន​។​

​បូ​តេង ដែល​ស្លៀកពាក់​ឈុត​ធំ​ពណ៌​ខ្មៅ​អំឡុង​ពេល​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា តែងតែ​បដិសេធ​ការចោទប្រកាន់​នេះ​ហើយ​បាន​ស្វែងរក​ការសម្រេច​ឱ្យ​រួច​ខ្លួន​លើ​បណ្តឹង​ឧទ្ធរណ៍​​នៃ​ការផាកពិន័យ​និង​ការផ្តន្ទាទោស​របស់គាត់​ពី​បទ​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​នាង​សេនល័​រនិង​បទ​ជេរ​ប្រមាថ​នាង​។​

​តុលាការ​ក្រុង​មុយ​និច​កាលពី​ថ្ងៃ​ពុធ​បានបញ្ជាក់​អះអាងថា បូ​តេង​មាន​ពិរុទ្ធភាព ប៉ុន្តែ​បាន​បន្ថយ​ការផាកពិន័យ​ពីមុន ១,៨ លាន​អឺរ៉ូ (១,៥ លាន​ផោន​) មក​ត្រឹម ១,២ លាន​អឺរ៉ូ (១ លាន​ផោន​)​។​

​តុលាការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ចៅក្រម​បាន​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍រ​បស់​ចុងចោទ​ថា​គ្មាន​មូលដ្ឋាន​”៕

បូ​តេង​ត្រូវបាន​ផាក​១​លាន​ផោន​ពី​បទ​វាយ​អតីត​សង្សារ