ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុប ប្រមាណជាង ២.៣០០ នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២ ខាងមុខនេះ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថាៈ ទាក់ទងនឹងផែនការការពារ និងការប្រើប្រាស់កម្លាំង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធ គឺស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្រើប្រាស់កម្លាំង សរុបតាមផែនការ ជាង ២.៣០០ នាក់ និងបែងចែកតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមដងផ្លូវ ទី១.កម្លាំងចរាចរណ៍ ដើម្បីជួយសម្រួលក្នុងការធ្វើចរាចរណ៍ របស់ថ្នាក់ដឹកនាំកំពូលៗ ទី២.កម្លាំងតាមការិយាល័យជំនាញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ចូលរួមសហការគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ។

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ” យើងមានត្រៀម កម្លាំងអន្តរាគមន៍ កម្លាំងអគ្គិភ័យ ដើម្បីត្រៀមជាប្រចាំ នៅពេលដែលមានករណីផ្សេងៗ កើតមានឡើងដោយយថាហេតុ ” ។

ទាក់ទងករណីនេះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាល រាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលននឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀត។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណជាង ១ម៉ឺននាក់ មកពី ១៤ ស្ថាប័ន ពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្តមសេននីយ៍ឯក ឆាយ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថាៈ “ កម្លាំងយើងប្រើប្រាស់ ជាង ១ម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយ មានទាំងរថយន្ត ការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ ពេលនេះ គឺយើងបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើក ហើយពាក់ព័ន្ធនឹងការធ្វើអនុវត្ត ផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅ ជាក់ស្តែង តាមគោលដៅនិមួយៗ ដើម្បីវ៉ៃតម្លៃស្ថានភាពនឹងចាត់ចែង កម្លាំងការពារជាក់ស្តែង”៕ V / N