ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកទេសរដ្ឋមន្ត្រី លី ធុជ នារសៀល​ថ្ងៃ​ទី៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បានអញ្ជើញជាអធិបតី និងជាវាគ្មិន​ក្នុងកម្មវិធីស្វែងយល់ការពិត ក្រោ​ប្រធានបទ ” មរតកសង្រ្គាម ​” នៅ​សាកលវិទ្យាល័យស្វាយរៀង ។

រូបថត ( លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង )

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្ស.និស្សិត. យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជាច្រើនអង្គនាក់ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង​អំពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា​មីន​ចាប់តាំងពីថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩​ ដេីម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ទាំងមូល ជាពិសេសសម្ដេចតេជោ បានចាត់ទុក ការងារបោសសម្អាតមីន ជា​ធាតុមួយយ៉ាងសំខាន់ ក្នុងកិច្ចគាំពារសន្តិភាព​និងការអភិវឌ្ឍប្រទេសជាតិ​។

ជាងនេះ​ទៅ​ទៀត​ លោកបានលើ​កឡេីង​អំពីគម្រោងសម្តេចតេជោ​ សម្រាប់សកម្មភាព​មីន​ដែលជា​ការបង្កើតឡើង​ស្របតាមការអំពាវនាវ​និងចលនា​ជាតិរបស់សម្តេច​នាយករដ្ឋមន្ត្រី ដេីម្បីពន្លឿនការងារបោសសម្អាតមីន​ឲ្យអស់ត្រឹមឆ្នាំ២០២៥​ ជាពិសេស​ដេីម្បីផ្តល់សុខសុវត្ថិភាព​ដល់ប្រជាជនកម្ពុជា​ ក្រោយសង្គ្រាម​។

គម្រោងសម្តេចតេជោ​ បាននឹងកំពុងអនុវត្តដំណាក់កាលទី​១​ លេីខេត្តចំនួន​៦​ និងឃុំ​ចំនួន​៧​ ក្នុងទំហំផ្ទៃដីប្រមាណ ៤២​ គីឡូម៉ែត្រក្រឡា រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម​ កំពង់ឆ្នាំង តាកែវ កំពត​និងខេត្តស្វាយរៀង​ហើយគ្រោងបញ្ចប់ក្នុងខែ​មីនា​ឆ្នាំ២០២៣។
ដោយឡែក​ដំណាក់កាលទី​២​ គ្រោងនឹងចាប់ផ្ដើមពីខែ​ធ្នូ ឆ្នាំ​២០២២​ បោសសម្អាត​ក្នុងទំហំផ្ទៃដីជាង ៧៤​ គីឡូម៉ែត្រក្រឡា​ ក្នុងខេត្តក្រចេះ កំពង់ស្ពឺ និងស្រុកចំនួន​៥​ ក្នុង​ខេត្តសៀមរាប និងខេត្តកំពង់ធំ​។

សរុបទាំងពីរដំណាក់កាល​ ផ្ទៃដីមានមីន ១១៦,៥​ គីឡូម៉ែត្រក្រឡា​ នឹងត្រូវបោស សម្អាត ហើយខេត្តចំនួន​៨​ និងស្រុកចំនួន​៥​ នឹងត្រូវប្រកាសអស់មីន​៕ V / N