ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលស្រុកទឹកផុស បានឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ រួមនឹងវត្ថុតាងសត្វក្របី បួនក្បាល និងរថយន្តមួយគ្រឿង នៅវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

អធិការនគបាលស្រុកទឹកផុស លោកវរសេនីយ៍ឯក ខែម វិបុល បានឱ្យដឹងថាៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានឃាត់ខ្លួនជនសង្ស័យ ចំនួនពីរនាក់ ក្នុងករណីអំពើលួចក្របី ចំនួន បួនក្បាល (ញីចំនួនបីក្បាល និងកូនឈ្មោល មួយក្បាល) បានដឹកទៅឡើងរថយន្ត នៅចំណុចព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង ពីរនាក់ មានៈ ១.ឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ ៣១ ឆ្នាំ ។ ២.ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ជនសង្ស័យទាំង ពីរនាក់នេះ រស់នៅភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រតិបត្តការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តសាំងយ៉ុងកែច្នៃ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G.0250 និងក្របី បួនក្បាល។អធិការនគបាលស្រុកទឹកផុស បានបញ្ជាឱ្យដឹងទៀតថាៈ ករណីខាងលើនេះ កម្លាំងនគបាលស្រុក​និងប៉ុស្ដិ៍រដ្ឋបាល សហការជាមួយប្រជាការពារ ចេញល្បាត នៅក្នុងភូមិសាស្ត្រស្មុគស្មាញ បានប្រទះឃើញរថយន្ត កំពុងឡើងក្របី ។ នៅពេល ឃើញសមត្ថកិច្ច ក្រុមជនសង្ស័យ បានទម្លាក់ក្របីចុះ ហើយបើករថយន្តរត់គេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងវត្ថុតាង នាំយកមកអធិការដ្ឋានស្រុក ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ បញ្ជូនបន្ត ។

អធិការនគបាលស្រុកទឹកផុស បានឱ្យដឹងទៀតថាៈ ក្រុមជនសង្ស័យ ពីរនាក់នេះ ជាមុខសញ្ញាចាស់ ដេញក្របីឡើងរថយន្ត ដែលសមត្ថកិច្ចតាមដានយូរមកហើយ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានសារភាពថា ពួកគេដឹកយកទៅលក់ នៅខេត្តព្រៃវែង ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានត្រូវកម្លាំងជំនាញស្រុក កសាងសំណុំរឿង បញ្ជូនបន្តមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនីតិវិធី ៕ V / N