ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើង នៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២២ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថាៈ ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំ ខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធមួយចំនួនទៀត ប្រធានគណៈ បញ្ជាការរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យ រដ្ឋបាល នៅតំបន់ស្មុគ្រស្មាញ ឱ្យបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ី ជាដើម នឹងមកចូលរួម នៃកិច្ចប្រជុំនេះ។

លោក ឃួង ស្រេង ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថាៈ កម្លាំង និងអាជ្ញាធរទាំងអស់ ត្រូវរឹតបន្តឹងសន្តិសុខ ឱ្យបានខ្លាំងក្លាបំផុត ដាច់ខាត​មិនឱ្យភាគីណាមួយ មកបំផ្លាញ កិច្ចប្រជុំកំពូលអាស៊ាន នេះបានឡើយ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានី បានមានប្រសាសន៍ថាៈ សម្រាប់កិច្ចប្រជុំ អភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើង នៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ។ ក្នុងនាមយើងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះ ឱ្យបានម៉ត់ចត់។

លោកបានបញ្ជាក់ថាៈ គិតមកដល់ពេលនេះ មានទីក្រុងចំនួន ៧៣ ហើយ ដែលយើង បានអញ្ជើញឱ្យមកចូលរួម ហើយយើងក៏បាននិងកំពុងអញ្ជើញ អភិបាលក្រុងធំៗ ជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែក រំលែកបទពិសោធន៍ រវាងទីក្រុង និងទីក្រុង ពិសេសធ្វើឱ្យទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ដោយមានសមាជិក ចំនួន ៧១ រូប ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី ជាអនុប្រធានប្រចាំការ៕ V / N