ដោយៈសុក្ខារិន/ពោធិសាត់៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តនិង មន្ទីរសុខាភិបាលខេត្ត បានរៀបចំ ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្ត លើកទី៧នៅខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងតំណាងគណៈវិជ្ជាជីវៈសុខាភិបាលសរុប៨០នាក់។

ពិធីនេះ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រកបមុខរបរវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រទាំងការផ្តល់ សេវា សាធារណៈនិង ឯកជនរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំបន់និង ថ្នាក់ខេត្ត។

លោកឱសថការី តុប វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលតំណាងលោក វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរ បានជម្រាបជូនស្ថានភាពសកម្មភាព ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្ពពោធិ៍សាត់នៅឆ្នាំ២០២២ដែល វេជ្ជបណ្ឌិត និងគ្រូពេទ្យមាន៩៣នាក់។ក្នុងនោះរដ្ឋ៦៦នាក់និង ឯកជន២៧នាក់ ។

ចំពោះស្ថានភាពភូមិ សាស្ត្រនិងផែនការគ្របដណ្តប់ វិស័យ សុខាភិបាល មាន មន្ទីរពេទ្យបង្អែកខេត្តកម្រិត៣ចំនួនមួយ និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត១មានចំនួនបី មណ្ឌលសុខ ភាពមាន៤៧ ប៉ុស្តិ៍សុខភាពបីនិងគ្របដណ្តប់ប្រជាពលរដ្ឋ ជាង៥២ម៉ឺននាក់។ លោកបានលើកឡើងថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្ត លើកទី៧នាពេលនេះពិតជាមានសារៈសំខាន់ដែល មិនអាចខ្វះបានក្នុងការជួយពង្រឹងបន្ថែមដល់គណៈវិជ្ជាជីវៈវេជ្ជសាស្ត្រសុខាភិបាល ទាំងកម្រិតបច្ចេកទេស សមត្ថភាព ក្រមសីលធម៌ អាកប្បកិរិយា ដោយធ្វើយ៉ាងណាឱ្យ មន្ត្រីសុខាភិបាលបម្រើ សេវាកម្មផ្នែកសុខភាពទាំងរដ្ឋនិងឯកជន មានភាពជឿជាក់ដល់ អតិថិជន ប្រកបដោយគុណភាព សុវត្ថិភាព គុណធម៌និងសមធម៌ ៕ N