ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេ​ និងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា​ ព្រឹត្តិការណ៍​ថ្នាក់​​កំពូល​ដែល​នឹងប្រព្រឹត្តទៅ​​ក្នុង​រយៈពេល​បួន​ថ្ងៃនេះ ​រួម​មាន៖ កិច្ចប្រជុំកំពូល​អាស៊ានលើក​ទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល​អាស៊ាន-ចិន លើក​ទី២៥​​ កិច្ចប្រជុំកំពូល​អាស៊ាន-ជប៉ុន លើក​ទី២៥ កិច្ចប្រជុំកំពូល​អាស៊ាន​-​សាធារណរដ្ឋកូរ៉េ លើក​ទី២៣​ ​កិច្ចប្រជុំកំពូល​អាស៊ានបូកបី លើក​ទី២៥​ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូល​​អាស៊ាន-សហរដ្ឋអាមេរិក លើក​ទី១០​ កិច្ចប្រជុំកំពូលអាស៊ាន​-​​អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា ​កិច្ចប្រជុំកំពូល​អាស៊ាន-​អង្គការសហប្រជាជាតិ និង​​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា លើក​ទី១៧។
​នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ​ប្រមុខ​រដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការជាមួយ​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

​ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខ​រដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញ​ចូលរួម​​កម្មវិធីជំនួបដោយឡែកពីគ្នាជាមួយតំណាង​នៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃ​ក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។

ថ្នាក់ដឹកនាំ​ក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់​ដឹកនាំ​នៃ​ដៃគូ​សន្ទនា​អាស៊ាន​មួយ​ចំនួន ​ក៏​​រំពឹងថានឹង​ចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ ផង​ដែរ។

ប្រភពដដែលបញ្ជាក់ថា​ នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី៤០ និងលើកទី៤១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់​ញញួរ​ប្រធាន​អាស៊ានជូន ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។
នៅរវាង​កិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខ​ប្រតិភូ​មួយ​ចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូល​ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ​។ ឯកឧត្តម ក៏រំពឹងថានឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជន​មួយចំនួនផងដែរ៕srn