ដោយៈ ភ្នំពេញ/គ្រីសម្បត្តិៈ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កម្លាំងនគរបាលក្រោមឱវាទគ្រប់ផ្នែកនិងគ្រប់ជំនាញ ចាប់ផ្តើមពង្រឹងសន្តិសុខ ក្នុងរាជធានីភ្នំពេញ ធានាឱ្យសុខសុវត្ថិភាពជាដាច់ខាតនិងក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅក្នុរាជធានីភ្នំពេញ នាំគ្នាចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានល្អ ដើម្បីកិត្តិយសមុខមាត់ប្រទេសនិងប្រជាជនកម្ពុជា នៅគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធដែលមានវត្តមានថ្នាក់នាំកំពូលៗនៅលើពិភពលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការដាក់បទបញ្ជាបានធ្វើឡើង នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ជូនដល់លោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅគ្រាដែលកិច្ចប្រជុំនេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃ០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើង ដាក់បទបញ្ជាបន្ថែមទៀតឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវទទួលខុសត្រូវខ្ពស់លើការងារចំពោះមុខដែលដាក់លើប្រគល់ជូន ក្នុងនោះ ត្រូវប្រមូលកម្លាំង ឧបករណ៍សម្ភារៈ ឱ្យបានគ្រប់គ្រាន់តាមផែនការការពារ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ជំរុញពង្រឹងយកចិត្តទុកដាក់ការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលយប់ ការងារចុះល្បាតនៅតាមមូលដ្ឋាន ការក្តាប់ព័ត៌មានផ្សេងៗ ការចុះការងាររដ្ឋបាល ជំរុញការត្រួតពិនិត្យពង្រឹងការពារឱ្យបានតឹងរ៉ឹងលើតម្រាយផ្លូវរបស់គណៈប្រតិភូជាតិ អន្តរជាតិ ឆ្លងកាត់ និងកន្លែងស្នាក់នៅរបស់គណៈប្រតិភូ កន្លែងគោលដៅកិច្ចប្រជុំ ជាដើមនោះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បើយោងតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នឹងមានការប្រើប្រាស់កម្លាំងការពារប្រមាណជាង១ម៉ឺននាក់ មកពីអង្គភាព១៤ស្ថាប័នដែលពាក់ព័ន្ធដោយប្រើប្រាស់រថយន្តការពារគ្រាប់ ការពារ និងមានទាំងផ្លូវអាកាស ផ្លូវទឹក ផងដែរ៕