ដោយ : ប.ជ័យ / បន្ទាយមានជ័យ: ប្រជាការពារនិងសមត្ថកិច្ចបានប្រទះឃើញគ្រាប់មីនតោន១គ្រាប់និងយុទ្ធភ័ណ្ឌ៣គ្រាប់ទៀត មុនភ្ជួរឬមានការប៉ះដែលអាចមានគ្រោះថ្នាក់ នៅក្បែរចម្ការនិងស្រែដែលកាលពីពាក់កណ្តាលឆ្នាំនេះ ត្រាក់ទ័រមួយបានភ្ជួរប៉ះគ្រាប់មីនតោនបង្កផ្ទុះរបួសនិងខូចខាតយ៉ាងដំណំ ។

នគរបាលផ្នែកអគ្គីភ័យនិងប្រឆាំងអាវុធជាតិផ្ទុះស្រុកស្វាយចេកអោយដឹងថា នៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទីប្រជាការពារភូមិឈ្មោះឡុង រ៉ូត អាយុ៥២ឆ្នាំរស់នៅភូមិផ្ចឹក ឃុំតាផូបានរាយការណ៍មកសម្ថកិច្ចថា គាត់បានឃើញគ្រាប់មីនតោន១គ្រាប់នៅត្រង់ចំណុចខាងជើងភូមិផ្ចឹកចម្ងាយ៥០ម៉ែត្រពីភូមិ។

សមត្ថកិច្ចបានបន្តថា : ពេលចុះទៅពិនិត្យក៏រកឃើញយុទ្ធភ័ណ្ឌ៣គ្រាប់ទៀត(គ្រាប់DK82mm 80mm១គ្រាប់ និងមីន69 ១គ្រាប់) ។ កម្លាំងបានដាក់សញ្ញាព្រមានគ្រោះថ្នាក់និងរាយការណ៍ជូនកងឯកភាពកម្ចាត់មីនកម្ពុជា(CMAC) បន្តរដើម្បីយកកំទេចចោល។ សមត្ថកិច្ចសរសើរនិងអរគុណប្រជាការពារ ពលរដ្ឋដែលបានប្រទះឃើញ តែមិនហ៊ានប៉ះពាល់ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ៕