ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ស្ទាក់​ព្រមាន​បន្ទាប់​ពី​យន្តហោះ​យោធា​កូរ៉េ​ខាងជើង​ដែលបាន​ហោះចូល​កៀក​ព្រំដែន​រួម​នៃ​កូរ៉េ​ទាំង​ពីរ​ដល់​ទៅ​១៨០​ជើង​កាលពី​ថ្ងៃ​សុក្រ​ទី​៤​វិច្ឆិកា នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កូរ៉េខាងជើង​បាញ់កាំភ្លើង​ធំ​ប្រមាណ​៨០​គ្រាប់​ចូល​តំបន់​ព្រំដែន​ទឹក​ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​​អាម៉េរិក​។​

​យន្តហោះ​កូរ៉េខាងជើង​ត្រូវ​បាន​ស្ទាក់ចាប់​ឃើញ​នៅ​តំបន់​ជាច្រើន​នៅ​ខាងជើង​«​ខ្សែបន្ទាត់​កល​យុទ្ធ​»​នៅ​ខាងជើង​ខ្សែ​បន្ទាត់​ព្រំដែន​យោធា​រវាង​កូរ៉េ​ទាំងពីរ នេះ​បើ​តាម​នាយសេនាធិកា​រក​ង​ទ័ព​ចំរុះ​​កូរ៉េខាងត្បូង​។​ការហោះ​កើត​ឡើង​រវាង​ម៉ោង​១១​ព្រឹក​និង​៣​រសៀល​។​

ខ្សែបន្ទាត់​ជាក់ស្តែង​នេះ​ត្រូវបាន​គូស​នៅ​ខាងជើង​ព្រំដែន​យោធា​និង​ប្រើ​ជា​មូលដ្ឋាន​មួយ​សំរាប់​ប្រតិបត្តិការ​ការពារ​ដែន​អាកាស​កូរ៉េ​​ខាងត្បូង​។​

​កូរ៉េខាងត្បូង​បាន​បញ្ចេញ​យន្តហោះ​ដល់​ទៅ​៨០​គ្រឿង រួម​មាន​យន្តហោះ​បំបាំងកាយ​ទំនើប F-35A​ទៅ​កាន់​តំបន់​ព្រំដែន ខណៈ​យន្តហោះ​ប្រមាណ​២៤០​គ្រឿង​មក​ពី​ភាគី​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​កំពុង​​ចូលរួម​សមយុទ្ធ​ទ័ព​អាកាស​Vigilant Storm​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍​ស្អែក​។​

​កាលពី​ខែ​មុន​កូរ៉េខាងជើង​ក៏​បាន​បញ្ជូន​យន្តហោះ​ដប់​គ្រឿង​មក​ក្បែរ​ព្រំដែន ជាហេតុ​នាំ​អោយ​កូរ៉េខាងត្បូង​បញ្ជូន​ចេញ​យន្តហោះ​ទៅ​ស្ទាក់​ព្រមាន​ផងដែរ​។​

​ការ​សម្ញែង​យន្តហោះ​ចម្បាំង​នេះ​កើត​ឡើង​ក្រោយ​ពី​កូរ៉េខាងជើង​បាញ់កាំភ្លើង​ធំ​៨០​គ្រាប់​កាលពីរំលង​អធ្រា​តចូល​តំបន់​ព្រំដែនស​មុទ្រ និង​ការបាញ់​កាំជ្រួច​ផ្លោង​ចូល​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​​មួយ​គ្រាប់​ទំនង​ជា​កាំជ្រួច​ឆ្លង​ទ្វីប​តែ​ប្រហែលជា​ជួប​បរាជ័យ​ពេល​ហោះ​។​

​កូរ៉េ​ខាងជើង​ក៏​បាន​បាញ់​កាំជ្រួច​២៣​ដើម​កាលពី​ថ្ងៃ​ពុធ ដែលជាការ​បាញ់​មួយ​ថ្ងៃ​ច្រើន​បំផុត​។​

​ការបាញ់​យ៉ាង​សន្ធាប់​បែបនេះ​នាំ​អោយ​កូរ៉េ​ខាងជើង​និង​អាម៉េរិក​បន្ថែមពេល​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​លើស​មួយ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​សៅរ៍​។​

​ក្នុងពេល​ជាមួយគ្នា​នៅ​ទី​ក្រង​វ៉ាស៊ីនតោន រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក និង​សម​ភាគី​កូរ៉េខាងត្បូង​បាន​សន្យា​ស្វះស្វែង​រក​វិធានការ​ថ្មី​ដើម្បី​បង្ហាញ​«​ការប្តេជ្ញា​ចិត្ត​និង​សមត្ថភាព​របស់​សម្ពន្ធ​ភាព​»​ក្រោយ​​កូរ៉េខាងជើង​បង្ករឿង​ជា​បន្តបន្ទាប់​។​

​អាម៉េរិក​ក៏បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ថា ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រណា​មួយ​លើ​កូរ៉េខាងត្បូង​ឬ​សម្ពន្ធមិត្ត​ខ្លួន​ក្នុង​តំបន់ ដូចជា​ជប៉ុននោះកូរ៉េ​ខាងជើង​នឹង​ជួប​ការឆ្លើយតប​លើសលប់​និង​នាំ​​ដល់​ការបញ្ចប់​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន​។​

​ពួក​អ្នកការទូត​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្នើសុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​ជា​សាធារណៈ​ស្តីពី​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ ជា​សំណើ​ដែល​ទទួល​បាន​ការ​​គាំទ្រ​ពី​អង់គ្លេស បារាំង អាល់​បាលី អៀឡង់​និងន័​រវ៉េ​ស​។​អាម៉េរិក​ជឿ​​ថា មាន​តែ​ចិន​និង​រុស្ស៊ី​ទើប​អាច​ទាក់ទាញ​អោយ​កូរ៉េរ​ខាងជើង​កុំ​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ដែលគេសង្ស័យថាកូរ៉េខាងជើងប្រុងនឹងធ្វើក្នុងពេលឆាប់ៗ៕  

​កូរ៉េខាងត្បូង​បញ្ជូន​យន្តហោះ​ទំនើប​F-35A​ទៅ​ស្ទាក់​ព្រមាន​យន្តហោះ​កូរ៉េខាងជើង​នៅ​ពេល​មួយចំនួនទៀត​កំពុង​ចូលរួម​ជាមួយ​យន្តហោះ​អាម៉េរិក​ក្នុង​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​