ដោយៈយោធិន/សៀមរាបៈអាវរងារនិងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០០ សម្រាប់ប្រើប្រាស់ក្នុងរដូវរំហើយ ។

ការចែកអំណោយខាងលើនេះ ធ្វើឡើងតាមរយៈលោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី និងលោកស្រីជាភរិយារួមជាមួយ ក្រុមការងារក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋាននៅសាលាស្រុកបន្ទាយស្រី ខេត្តសៀម រាបកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងឱកាសចែកអំណោយជាគ្រឿងឧបភោគនិងបរិភោគ ដោយភ្ជាប់ជាមួយអាវរងារផងនោះ លោកសែម សុវណ្ណនីក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រីជាង៦០០ នាក់ ក្នុងនោះស្ត្រីចំនួន ២៧០នាក់ក្នុងមនោសញ្ចេតនាស្និទ្ធស្នាលផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនេះដែរ លោក សែម សុវណ្ណនី បានលើកឡើងថាៈថ្នាក់ដឹកនាំកម្ពុជាតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ-១៩ ចាក់ការពារជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរលោក សែម សុវណ្ណនី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស អោយបានគ្រប់ៗគ្នា និងត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយអភិវឌ្ឍន៍គោលការណ៍ផ្ទះមួយ អំពូលមួយព្រមទាំងដាំដើមសាគូរ៉ា និងដើមក្ងោក នៅសង្ខាងផ្លូវ ក្នុងគោលបំណងបង្កើតឱ្យមានសោភ័ណភាព ដែលអាចចន្លោះពី២ ទៅ ៣ឆ្នាំខាងមុខនេះ វត្តមានដ៏ស្រស់ស្អាតនៃផ្កាសាគូរ៉ា នឹងលេចនូវរូបរាងដ៏ស្រស់ស្អាត ហើយអាចទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តមូលដ្ឋានស្រុកបន្ទាយស្រីបានច្រើនឡើងថែមទៀត៕