ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និង សង្រ្គោះបន្ទាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការអន្តរាគមន៍ ពាក់ព័ន្ធក្នុងប្រតិបត្តិការការពារការពារសន្តិសុខ រក្សាសុវត្ថិភាព ដោយជំនាញនីមួយៗ ត្រូវទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលបានប្រគល់ជូន និង ត្រូវគោរពតាមបទបញ្ជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសយ៉ាងម៉ឺងម៉ាត់បំផុត។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាង ១ម៉ឺននាក់ មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧត្តមសេននីយ៍ឯក ឆាយ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា ថា កម្លាំងសមត្ថកិច្ចដែលប្រើប្រាស់សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមានចំនួនជាង ១ម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយមានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ពេលនេះ គឺបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើកហើយពាក់ព័ន្ធនឹងការធ្វើអនុវត្តផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅជាក់ស្តែងតាមគោលដៅនិមួយៗ ដើម្បីវ៉ៃតម្លៃស្ថានភាពនឹងចាត់ចែងកម្លាំងការពារជាក់ស្តែង។

លោកឧត្តមសេននីយ៍ឯក ឆាយ គឹមខឿន បានបន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយលោកនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់់បម្រើឲ្យកិច្ចប្រជុំនេះ។ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤) បានរៀបចំផែនការការពារតាំងពីខែមករា ដោយផែនការនេះ បានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ នៃប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លាង …ហើយបែងចែកឲ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនិមួយៗ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរ នាយឧត្តមសេនីត នេត សាវឿន បានដាក់ចេញនូវផែនការពីរសំខាន់ ទី១. កិច្ចការក្នុងប្រទេស គឺបានរៀបចំចាត់តាំងឲ្យមានការហ្វឹកហាត់ ឲ្យមានការសាកល្បងកម្លាំងដូចជា ការពារក្បួន ការពារផ្ទាល់សម្រាប់ប្រតិភូ ការរៀបចំក្បួនដឹកនាំគណៈប្រតិភូ ការរៀនភាសាសម្រាប់អង្គរក្សការពារផ្ទាល់ និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។ ទី២. កិច្ចការក្រៅប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសហការជាច្រើនដូចជា FBI INTERPOL (អ៊ីនធឺប៉ូល) ប៉ូលិសចិន កូរ៉េ សឹង្ហពួរ និងប្រទេសសមាជិកតំបន់អាស៊ាន ដោយទទួលបានកិច្ចសហការគាំទ្រជាច្រើន ដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍ និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍សម្រាប់កិច្ចការពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ ៕