ដោយៈសុផល/ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទិញរថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេសទំនើបថ្មីៗមួយចំនួនត្រួតពិនិត្យនិងថែទាំស្ពាន ឱ្យកាន់ តែមានភាពងាយស្រួល និងសុវត្ថិភាព។
ថ្មីៗនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានព្រែកតាមាក់ដោយ ប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រស្ពានផងដែរ។ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បី សិក្សាស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ស្ពានព្រែកតាមាក់ ក៏ដូចជាដើម្បីបង្ហាញពីរបៀបប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសំដៅពង្រឹង និងពង្រីកបន្ថែមលើសមត្ថភាពការងារថែទាំ ហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា៖ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួលនិងមានភាពសុក្រឹត្យជាងការចុ ពិនិត្យមើល បាតស្ពានកាលពីពេលកន្លងមកដែលដោយគ្មានឧបករណ៍ប្រភេទនេះ និងបានបញ្ជាក់បន្ថែម ថា៖ រថយន្តដែលបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពានប្រភេទនេះ មានលក្ខណៈទំនើប មានសមត្ថភាពខ្ពស់អាចផ្ទុកមនុស្សបានប្រមាណ១០នាក់សម្រាប់ការចុះទៅពិនិត្យមើលបាតស្ពាន។
ដោយឡែក កាលពីថ្ងៃទី២ខែវិច្ឆិកា លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំកិច្ចប្រជុំពិភាក្សានិងធ្វើប បង្ហាញស្តីពីលទ្ធផលការសិក្សា ស្តង់ដារបច្ចេកទេស រកភាពធន់កម្រាលផ្លូវ ដោយប្រើប្រាស់ឧបករណ៍ LWD និងFWD។
ឧបករណ៍ LWD និង FWD សម្រាប់ផ្ទៀងផ្ទាត់ និងកំណត់រកតម្លៃនៃភាពដាប ឬស្រុត និងម៉ូឌុលអេឡាស្ទិចរបស់ផ្ទៃស្រទាប់ផ្លូវ (Surface Modulus) នៅការដ្ឋានជាក់ស្តែង ដែលអាចផ្ដល់លទ្ធផលភ្លាមៗ ដោយប្រើប្រាស់នូវឧបករណ៍ទំនើបៗទាំងនេះ ក្នុងការត្រួតពិនិត្យគុណភាពផ្លូវប្រកបទៅដោយគុណភាព ប្រសិទ្ធភាព និងចំណេញពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមប្រើប្រាស់ឧបករណ៍FWD ចាប់តាំងពីឆ្នាំ២០០៤ ក្នុងគម្រោងរបស់ធនាគារពិភពលោក ហើយបច្ចុប្បន្ន ក្រសួងមានឧបករណ៍FWD ចំនួន០៤ គ្រឿង ក្នុងនោះ៖ ០៣គ្រឿងផ្តល់ដោយធនាគារពិភពលោក និង០១គ្រឿងទៀត ផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក ឧបករណ៍ LWD ត្រូវបានចាប់ផ្តើមប្រើប្រាស់ចាប់តាំងពីឆ្នាំ២០២០ ហើយបច្ចុប្បន្នក្រសួងមានឧបករណ៍LWDចំនួន០៩គ្រឿង។
ជាមួយគ្នានេះដោយមានការគាំទ្រពីថ្នាក់ដឹកនា របស់ក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស ទទួលបានថវិកាសិក្សាស្តង់ដារបច្ចេកទេសរកភាពធន់កម្រាលផ្លូវ ដោយប្រើប្រាស់ឧបករណ៍ LWD នៅក្នុងឆ្នាំ២០២០ និង FWD នៅក្នុងឆ្នាំ២០២១៕