ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ចំនួន​៨០​គ្រួសារ​នៅក្នុង​ចំណោម​១០០​គ្រួសារ​នៅក្នុង​ខេត្តព្រៃវែង​ដែល​រង​ផលប៉ះពាល់​ពី​ជម្ងឺ​កូ​វីដ​-១៩ បានទទួល​តង់​ប្លា​ស្ទិ​ក​សម្រាប់​ចិញ្ចឹម​ត្រី​អណ្តែង​ពី​សហគមន៍​អឺរ៉ុប តាមរយៈ​កម្មវិធី CaPFish-Aquaculture ដែលជា​គម្រោង​ទើបបាន​អនុវត្ត​នៅ​ចុងឆ្នាំ​២០២២​នេះ ក្រៅពី​តង់​មាន​ចំណី​និង​កូន​ត្រី​អណ្តែង​ផង​។ នេះ​បើតាម​លោក​អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខាងលើ​និយាយ​ឱ្យដឹងទៀតថា ការផ្តល់​តង់​ប្លា​ស្ទិ​ក​នេះ​បានចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា នៅតាម​មូលដ្ឋាន​ដែលជា​គោលដៅ​ត្រូវ​ផ្តល់ឱ្យ នៅពេល​ចែក​តង់​មន្ត្រីជលផល​បានធ្វើការ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​តង់​ពី​បច្ចេកទេស​តម្លើង​តង់​ប្លា​ស្ទិ​ច​ចិញ្ចឹម​ត្រី​អណ្ដែង និង​ចែក​ចំណី​ត្រី​តាម​កម្មវិធី​មាន​តង់ មាន​ចំណី​ត្រី និង​កូន​ត្រី​អណ្តែង​។​

​លោក​អូន ស៊ី​ណាត និយាយ​ឱ្យដឹងទៀតថា​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់​តង់​មាននៅ​ភូមិ​ឃុំ​ផ្សេងៗ​គ្នា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​តង់​ទំហំ​២​គុណ​៤​ម៉ែត្រ​ចំនួន​២​ផ្ទាំង ចំណី​ត្រី​ចំនួន​៧​បាវ និង​កូន​ត្រី​អណ្តែង​។ កូន​ត្រី​អណ្តែង​នៅ​មិនទាន់បាន​ផ្តល់ឱ្យ​នៅឡើយ​ទេ ដោយសារ​ប្រជាពលរដ្ឋ​មិនទាន់បាន​តម្លើង​តង់​រួច​។​

​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​ដោយ​តង់​ប្លា​ស្ទិ​ក​នេះ​លោក​អូន ស៊ី​ណាត​និយាយថា កន្លងទៅ​មាន​ចំនួន​ជាង​២០០​តង់​ហើយ នៅក្នុង​ខេត្ត​ព្រ​ព្រៃវែង​សម្រាប់​ចិញ្ចឹម កង្កែប​និង​ត្រី​អណ្តែង​បាន​ជោគជ័យ ដោយមាន​ការជួយ​ជ្រម​ជ្រែង​ពី​មន្ត្រីរដ្ឋបាល​ជលផល​នៅ​មូលដ្ឋាន​៕​