ដោយៈភ្នំសន្ទូក/កំពង់ធំ ៖ នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពរដ្ឋប្រមាណពីរម៉ឺននាក់បានចូលរួមទស្សនាពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះលោកអភិបាលខេត្តកំពង់ធំបានថ្លែងថាតាមទំនៀមទម្លាប់ខ្មែរពិធីបុណ្យអុំទូកតែងតែប្រព្រឹត្តទៅនៅថ្ងៃ ពេញបូណ៌មីខែកត្តិកស្របទៅនឹងរដូវទឹកសម្រក។លោកបានសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យចូលរួមចំណែកធ្វើឱ្យពិធីអុំទូក ទទួលបានជោគជ័យរក្សាភាពថ្លៃថ្នូរថែរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់។លោកក៏បានសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល ព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ។

សូមបញ្ជាក់ថាចំនួនទូកដែលបានដាក់ពាក្យចូលរួមប្រកួតរួមមានចំនួន ៤១ទូកក្នុងនោះ ទូក « ង » មាន ចំនួន៤ ទូក ទូកខ្នាតអន្តរជាតិមានចំនួន ១៦ទូក និងទូកផ្កាចារមានចំនួន ២១ទូក និងកីឡាករកីឡាការិនីចំណុះឱ្យទូកចំនួនប្រមាណ ១.១៧៥នាក់៕សរន / N