ដោយ:បូកគោ/កំពត៖ ក្រុមអាជីវករក្នុងខេត្តកំពតមានក្តីរំពឹងថា នាឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ភ្ញៀវពិតជាមកកម្សាន្តច្រើនដែលអាចធ្វើឱ្យការលក់ដូររបស់ពួកគាត់មានភាពល្អប្រសើរ។

ក្រុមអាជីវករបានរៀបរាប់ថាបច្ចុប្បន្នភ្ញៀវទេសចរជិតឆ្ងាយបានចូលមកខេត្តកំពតមានចំនួនច្រើនឡើងវិញក្រោយវិបត្តិកូវីដ-១៩ធូរស្បើយនោះ។ ស្ថានភាពបែបនេះបានធ្វើឱ្យការលក់ដូរចាប់ផ្តើមវិលទៅរកភាពល្អប្រសើរជារឿយៗ។

ក្រុមអាជីវករបានបន្តថា អ្វីដែលធ្វើឱ្យមានលម្ហូភ្ញៀវមកកាន់ខេត្តកំពតនោះគឺកិច្ចខិតខំយកចិត្តទុកដាក់របស់លោលម៉ៅ ធនិនដែលតែងបានគិតគូរពីការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ជាចម្បង។ ជាក់ស្តែងការរៀបចំកម្មវិធីប្រណាំងទូកប្រពៃណីដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែជាព្រឹត្តការណ៍មួយដ៏គគ្រឹកគគ្រេងដែលមិនធ្លាប់មានពីមុនមក។

ក្រុមអាជីវករបានបន្តថាតាមរយ:ការប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពតពួកគាត់រំពឹងថាទេសចរជិតឆ្ងាយនឹងមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពតមានចំនួនច្រើន ហើយការលក់ដូរក៏កាន់តែប្រសើរឡើងផងដែរ។ បន្ថែមលើនេះ ក្រុមអាជីវករបានអំពាវនាវដល់ភ្ញៀវជាតិ អន្តរជាតិ សូមដាក់គោលដៅមកលេងឱ្យបានច្រើន ព្រោះខេត្តកំពតបច្ចុប្បន្ន មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ពិសេសបរិស្ថានអនាម័យស្អាត និងសម្បូរកន្លែងកម្សាន្តដែលទើបនឹងបង្កើតថ្មីៗ។

លោក សយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថាពិធីបុណ្យអុំទូករបស់រដ្ឋបាលខេត្តកំពតនាឆ្នាំ នេះមានទ្រង់ទ្រាយធំជាមួយនឹងការរៀបចំនៅគ្រប់ទីកន្លែងសំខាន់ៗពោរពេញដោយរបៀបរៀបរយល្អ។ ក្នុងនាមមន្ទីរជំនាញលោកសង្ឃឹមថាអាចនឹងមានភ្ញៀវទេសចរមកចូលរួមចន្លោះពី៤០ម៉ឺននាក់ទៅ៥០ម៉ឺននាក់ដូចក្តីរំពឹងទុករបស់លោក អភិបាលខេត្តកំពតដែលបានព្យាករណ៍កន្លងមក៕សរន / N