ដោយ: ភ្នំខៀវ / បាត់ដំបង៖ ស្ត្រីលក់ប្រហិតម្នាក់ជំពាក់លុយគេច្រើន បែកគំនិតប្រឌិតរឿងថាមានចោរវាយប្លន់យកលុយ និងគ្រឿងអលង្ការអស់រាប់តម្លឹងពេលសមត្ថកិច្ចស្រាវជ្រាវ ឃើញថា លាក់លែងជិតក៏ចេញសារភាពសុំទោស។

នគរបាលស្នងការខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថាស្ត្រីអ្នកលក់ប្រហិតដែលបានរាយការណ៍ប្តឹងដល់សមត្ថកិច្ចជំនាញពីករណីមានចោរមួយក្រុមធ្វើសកម្មភាពវាយប្លន់ទាំងក្បាលព្រលប់អស់ទ្រព្យសម្បត្តិជាច្រើន។បន្ទាប់មក នៅព្រឹកថ្ងៃទី៤ខែវិច្ឆិកាស្រ្តីរូបនេះបានចេញមកសុំទោសដល់សមត្ថកិច្ចក៏ដូចជាមហាជនថាខ្លួនគ្រាន់តែរៀបចំប្រឌិតរឿងតែប៉ុណ្ណោះព្រោះគាត់ជំពាក់លុយគេច្រើនហើយការប្រឌិតរឿងនេះក្នុងគោលបំណងឱ្យម្ចាស់បំណុលទាំងអស់អនុគ្រោះលើកលែង ឬបន្ធូរបន្ថយបានខ្លះ។

ស្ត្រីខាងលើឈ្មោះសំ ជ្រៀន អាយុ ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្ត បាត់ដំបងមានមុខរបរលក់ប្រហិត។នៅអំឡុងម៉ោង៧យប់ថ្ងៃទី៣ខែវិច្ឆិកាបានអះអាងមានចោរវាយប្លន់យកលុយ និងមាសអស់ជាច្រើនខណ:ពេលដែលគាត់កំពុងលក់ប្រហិត ត្រង់ចំណុចមុខវិទ្យាល័យសម្តេចឳ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ស្ត្រីដើមបណ្តឹងបានអះអាងថា ខ្លួនបានបាត់ទ្រព្យសម្បត្តិអស់ជាច្រើនរួមមាន លុយដុល្លារចំនួន ៤០០ដុល្លារ- លុយខ្មែរចំនួន ៣.១៥០.០០០រៀល- ខ្សែកមាសទម្ងន់មួយតម្លឹង- ខ្សែដៃមាសចំនួនមួយតម្លឹងកន្លះ- កងដៃប្លាទីន ៣ឈុត និងរងរបួសពកក្បាលបន្តិច។

អ្នកស្រី សំ ជ្រៀនបានសុំឱ្យសាធារណ:ជនពិសេសសមត្ថកិច្ចកុំឱ្យប្រកាន់ទោសដល់រូបគាត់ព្រោះតែចង់ឱ្យមានការអនុគ្រោះ និងលើកលែងពីម្ចាស់បំណុលដោយមិនបានគិតពីការប៉ះពាល់ដល់សន្តិសុខសង្គមជាតិទាំងមូល៕សរន / N