ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យចំនួនពីរថ្ងៃកាលពី រសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២២នៅស្ទឹងសិរីសោភ័ណនាបរិវេណសាកលវិទ្យាល័យជាតិមានជ័យនាផ្លូវជាតិលេខ៥ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានភ្ញៀវប្រមាណបីម៉ឺននាក់ចូលរួមទស្សនា ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ជ័យ ណារី លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យឱ្យដឹងថា ទូកចម្រុះចូលរួមចំនួន២៦គ្រឿង។ មានទូកវែង មធ្យមនិងតូច ។ក្នុងនោះទូកធំវែងចំនួនបីទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។
ការប្រកួតទូកនេះ ក្នុងលក្ខណ:វិលជុំនិងចែកជាពូល ។មានកីឡាករចំណុះទូក និងគណ:កម្មការចំនួន១.០៦០នាក់ ។

លោកអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យក៏ដូចជារាជធានីភ្នំពេញនិងខេត្តនានា ក្រោយពីខកខានអស់០២ឆ្នាំមិនបានរៀបចំពិធីដូចខាងលើដោយសារទទួលរងនូវផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់ និងទទួលរងវិបត្តិសាកលនៃការរីករាលដាលជំងឺកូវីដ-១៩ ផង ទើបរាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។

ជាក់ស្ដែងខេត្តបន្ទាយមានជ័យ ក៏បានរៀបចំការប្រណាំងទូក ដែល ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី០៤-០៥ ខែវិច្ឆិកា នេះ នៅដងស្ទឹងសិរីសោភ័ណខាងក្រោយ សាកលវិទ្យាល័យជាតិមានជ័យ ។ក៏មានរៀបចំការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី២១ ខែតុលា និងថ្ងៃទី០៣-០៥ខែវិច្ឆិកាឆ្នាំ២០២២ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ អមដោយការប្រគំតន្រ្តីសម័យ និងកម្មវិធី កម្សាន្តផ្សេងៗ ផងដែរ ៕សរន / N