ដោយ:សុផល/ភ្នំពេញ: នាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និង លោកស្រី អមដំណើរដោយលោក ស សុខា អនុប្រធាន ស.ស.យ.ក. និង លោកស្រី រួមទាំង ថ្នាក់ដឹកនាំ ស.ស.យ.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» នៅសួនច្បារព្រះរាជបណ្ដាំ (ខាងមុខព្រះបរមរាជវាំង)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី គណៈកម្មការរៀបចំព្រះរាជពិធី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. និងមូលនិធិមុទិតាប្រមាណ ២០០ នាក់ ផងដែរ។

នាបរិយាកាសដ៏វិសេសវិសាលនេះ គណ:អធិបតី និងអ្នកចូលរួមបានទស្សនាភាគយន្តរឿង « ឆាយាលើអង្គរ» ដែលប្រៀបប្រដូចទៅនឹងព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ មានអត្ថន័យសរបញ្ជាក់ឱ្យឃើញពីស្មារតីសេ្នហាជាតិ ហ៊ានធ្វើបូជនីយកិច្ចការពារប្រទេសជាតិ និងការសាមគ្គីរួបរួមជាធ្លុងមួយ ដើម្បីប្រឆាំងនឹងអំពើអបាយមុខ និងក្បត់ជាតិរបស់ក្រុមមួយចំនួនតូចដែលចង់បង្កឱ្យមានអស្ថេរភាព និងចលាចលក្នុងប្រទេស។ បន្ទាប់ពីទទួលបានឯករាជ្យដ៏ពេញលេញ ការការពារ និងថែរក្សាឯករាជ្យជាតិពិតសំខាន់បំផុតសម្រាប់ប្រជាជាតិ ហើយការរួបរួមសាមគ្គីនេះហើយ គឺជាគឹន្លះនៃការជួយស្រោចស្រង់ប្រទេសនៅសន្តិភាព និងភាពសុខសាន្ត។

កម្មវិធីដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងដើម្បី បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោរពេញទៅដោយអត្ថន័យទូន្មានដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។កម្មវិធីនាល្ងាចនេះក៏ចង់រំលឹកពីព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈស្នាព្រះហស្ថដែលជាប្រវត្តិសាស្រ្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ ក្នុងមួយព្រះជន្មរបស់ព្រះអង្គដែលបានគិតគូរពីឧត្តមប្រយោជន៍ជាតិលើសអ្វីទាំងអស់ ក្នុងនាមព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ចទាមទារបានឯករាជ្យ និងបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្ស៕ N