ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ អ្នក​ស្នេហា​បាល់ទាត់​ទូទៅ​នឹង​រំពឹង​លទ្ធផល​ឈ្នះ​ដូច​សព្វមួយដង​សម្រាប់​ក្រុម​មេឃ​ខៀវ Man City នៅ​ពេល​ពួកគេ​បើកទ្វារ​ផ្ទះ​ស្វាគមន៍ Fulham នៅក្នុង​ក្របខណ្ឌ English Premier League នៅ​ថ្ងៃ​សៅរ៍​នេះ​។ ដោយឡែក​នៅ​ថ្ងៃអាទិត្យ ក្រុម​តោ​ខៀវ Chelsea ដែល​ញាំញី​ដោយ​កីឡាករ​របួស នឹង​ទទួល​ភ្ញៀវ​កំពូល​តារាង Arsenal ដែល​កំពុង​លេង​ល្អ​ដូច​ផ្កា​។ គូ​ធំ​មួយទៀត គឺ​រវាង Tottenham និង Liverpool ក៏​លេង​នៅ​ថ្ងៃអាទិត្យ​ផងដែរ​។​

​ការព្យាករណ៍ ៖

– Manchester City vs Fulham

* Fulham ខកខាន​រក​គ្រាប់​បាល់​តែ​២​លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១៣ ប្រកួត Premier League របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​
* Manchester City របូត​គ្រាប់​បាល់​ក្នុង ៤ ប្រកួត​ក្នុងផ្ទះ ៦ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Manchester City បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង​២​លើក​ចុង​ក្រោយ​ក្នុង​លទ្ធផល ៣-១ ។​

​ក្រុម​មេឃ​ខៀវ Manchester City បាន​វាយបក​ឈ្នះ​វិញ​ទល់នឹង Sevilla នៅ​ពាក់កណ្តាល​សប្តាហ៍ ប៉ុន្តែ​ឥឡូវនេះ​ការចាប់អារម្មណ៍​របស់​លោក Pep Guardiola នឹង​ងាក​ទៅរក​ការ​ប្រជែង​តំណែង​កំពូល Premier League ប្រសិនបើ​ឈ្នះ​ថ្ងៃ​សៅរ៍​នេះ នៅមុន​ការធ្វើដំណើរ​របស់ Arsenal ទៅ​ទឹកដី Chelsea នៅ​ថ្ងៃអាទិត្យ​។​

​ម្ចាស់​ជើងឯក EPL មួយ​នេះ​ក៏​មិន​បាន​ឆ្លងកាត់​ការប្រកួត​ល្អ​អី​ណាស់ណា​ដែរ​មួយរយៈ​មកនេះ​។ ពួកគេ​បាន​ឈ្នះ​តែ​៣​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ទាំង ៦ ចុងក្រោយ​របស់​ពួកគេ ប៉ុន្តែ​ការខកខាន​ឈ្នះ​ទាំង​៣​នោះ​បាន​កើតឡើង​នៅក្រៅ​ផ្ទះ ហើយ​ការ​ឈ្នះ ១៤ លើ​ក​ជាប់ៗ​គ្នា​របស់​ពួកគេ​នៅ​ទឹកដី Etihad បង្ហាញ​ជា​នឹង​កើតឡើង​យ៉ាង​ងាយស្រួល​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម Fulham ក៏​មិន​មាន​ទម្រង់​លេង​អន់​នោះដែរ ដោយ​ការរកបាន​១​ពិន្ទុ​ទល់នឹង​ក្រុម Everton បាន​ធ្វើឱ្យ​ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង ៤ ប្រកួត​ចុងក្រោយ និង​ឈរ​នៅ​លេខ​រៀង​ទី ៧ ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​ក្នុង​តារាង EPL​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ពួកគេ​បាន​ចាញ់​ការប្រកួត ១២ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម Manchester City ហើយ​ការ​ចាញ់​ក្រុម Arsenal និង Spurs នៅ​រដូវ​កាល​នេះ បានបង្ហាញ​ថា ពួក​គេ​ពិបាក​ទប់ទល់​បំផុត​នឹង​ក្រុម​ធំៗ​នៅ Premier League​។​

​ទោះយ៉ាងណា Fulham គួរតែ​អាច​រកបាន​១​គ្រាប់​ពី​ការប្រកួត​នេះ​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ចំនួន ១១ លើក​ក្នុងចំណោម ១៣ ប្រកួត​នៅ​លី​ក​កំពូល​អង់គ្លេស​នៅ​រដូវ​កាល​នេះ ហើយ​ចំណុច​សំខាន់​គឺ​ក្រុម​របស់​លោក Guardiola បាន​របូត​គ្រាប់​បាល់​នៅ ៤ ប្រកួត​ក្នុងចំណោម ៦ លើក​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ផ្ទះ​។ លទ្ធផល​ព្យាករណ៍ Man City ៣-១ Fulham​។​

– Chelsea vs Arsenal

* Chelsea មិន​ស្គាល់​ចាញ់​សោះ​ក្នុងផ្ទះ​ក្នុង​រដូវ​កាល​នេះ ដោយ​ឈ្នះ​៣​និង​ស្មើ​២​។​
* ពិន្ទុ​គ្រាប់​បាល់​សរុប​របស់​ក្រុម​តោ​ខៀវ​គឺ ១០-៥ ក្នុង​ការប្រកួត​ក្នុងផ្ទះ ៥ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Chelsea បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្នុងផ្ទះ ៥ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Arsenal ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទីមួយ​តែ​ម្តង​គត់​ក្នុង​រដូវ​កាល​នេះ​។​
* ក្រុម​កាំភ្លើង​ធំ​មាន Clean Sheet បី​លើក​ក្នុង​ការប្រកួត​ក្រៅ​ដី ៥ លើកចុងក្រោយ​។​
* Arsenal បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្រៅ​ដី​ទាំង ៥ លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ជំនួប London Derby រវាង​ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ក្របខណ្ឌ Premier League គួរតែ​ជា​ការប្រកួត​វាយលុក​ទៅវិញទៅមក​ដ៏​ល្អមើល​បំផុត​នៅ​ចុង​សប្តាហ៍​នេះ​។​

​តោ​ខៀវ Chelsea (៦-៣-៣) នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​កាំភ្លើង​ធំ Arsenal (១០-១-១) ចុង​សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន Stamford Bridge ក្នុង​ការប្រកួត​សប្តាហ៍​ទី ១៤ នៃ​ក្របខណ្ឌ Premier League ។​

London Derby ថ្ងៃអាទិត្យ​នេះ​នឹង​បង្ហាញ​ឆាកល្ខោន​ដ៏​អស្ចារ្យ​ជាច្រើន រួម​ទាំង​វត្តមាន Pierre-Emerick Aubameyang ប៉ះ​នឹង​ក្រុម​ចាស់ Arsenal ជា​លើកដំបូង​ចាប់តាំងពី​ការចាកចេញ​របស់គេ​។ ទោះយ៉ាងណា ល្ខោន​បាល់ទាត់​ថ្ងៃនេះ​នឹង​ផ្តោត​សំខាន់​លើ​ទម្រង់​លេង​ដ៏​ល្អ​អស្ចារ្យ​នាពេល​បច្ចុប្បន្ន​របស់​ក្រុម​កាំភ្លើង​ធំ ដែល​ធ្វើឱ្យ​ពួកគេ​ឈរ​នៅលើ​កំពូល​តារាង Premier League ជាច្រើន​សប្តាហ៍​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រុម​តោ​ខៀវ​ទើបតែ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៤-១ ក្រោម​ស្នាដៃ​របស់​អតីត​ក្លិប Brighton របស់លោក Graham Potter ដោយ​បាន​ទម្លាក់​ពួកគេ​មក​ចំណាត់ថ្នាក់​លេខ ៦ ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម Manchester United ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Dinamo Zagreb ក្នុង​ការប្រកួត Champions League របស់​ពួកគេ​កាលពី​ពាក់កណ្តាល​សប្តាហ៍​។​

Chelsea បន្ត​លេង​ដោយ​គ្មាន​ខ្សែការពារ​ស្តាំ Reece James ក៏ដូចជា​ខ្សែការពារ​កណ្តាល Wesley Fofana និង​ខ្សែបម្រើ​លំដាប់​ពិភពលោក N’Golo Kanté​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ Arsenal នឹង​គ្មាន​ខ្សែ​បម្រើ Emile Smith Rowe, Mohamed Elneny និង Oleksandr Zinchenko (​ស្ថិត​ក្នុង​មន្ទិល​)​។​

​តើ​ក្រុម​តោ​ខៀវ​អាច​ដើរ​ចេញ​ជាមួយ​នឹង​លទ្ធផល​ឈ្នះ​នៅ​ផ្ទះ​ទល់​នឹង​ក្រុម​កាំភ្លើង​ធំ​ដែរឬទេ​? ឬ​មួយ​ក៏​លោក Mikel Arteta និង​ក្រុម​របស់​គាត់​នឹង​ប្រកាស​ភាពខ្លាំង​ដើម្បី​ប្រជែង​ពាន​នៅ Stamford Bridge?

​វា​ពិតជា​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​ហាងឆេង​ភ្នាល់​បានដាក់ Chelsea ជា​ក្រុម​មាន​ប្រៀប​ឈ្នះ​ជាង​លើ​ក្រុម Arsenal ដែល​នាំមុខ​លើ​កំពូល​តារាង Premier League ពីរ​ពិន្ទុ​ពី​ក្រុម Manchester City​។​

​វា​ជា​ការ​អាច​ជឿជាក់​បំផុត​ថា ក្រុម​ទាំង​ពីរ​នឹង​ស៊ុត​បញ្ចូល​ទី​គ្នា​។ ទោះជា​យ៉ាងណា​ក៏ដោយ Arsenal មាន​តំបន់​ការពារ​រឹងមាំ​ខ្លាំង​ណាស់​នៅ​រដូវ​កាល​នេះ ដែល​នេះ​នឹង​ធ្វើឱ្យមាន​ការលំបាក​សម្រាប់​ក្រុម​តោខៀវ​។​

​ដោយហេតុ​ថា Chelsea មិន​ដែល​ឈ្នះ Arsenal នៅ​៣​ប្រកួត​ចុងក្រោយ​ក្នុងផ្ទះ និង​ឥឡូវ​កំពុងមាន​កីឡាករ​របួស​សឹង​កន្លះ​តារាង ហើយ Arsenal ស៊ុត​ចូលដល់​ទៅ ៣០ គ្រាប់​ក្នុង ១២ ប្រកួត​ចុងក្រោយ​នៅ EPL យើង​ហ៊ាន​ទាយ​ថា Arsenal អាច​នឹង​ឈ្នះ​ក្នុង​លទ្ធផល ២-១​។​

– Tottenham vs Liverpool

* Tottenham បានឈ្នះ ៥ លើក​ក្នុងចំណោម ៦ ប្រកួត​ក្នុងផ្ទះ Premier League របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​
* Liverpool មិនទាន់​ឈ្នះ​ការប្រកួត​ក្រៅ​ដី​ក្នុង​លី​កនៅ​រដូវ​កាល ២០២២/២៣​។​
* Spurs មិន​ដែល​រក្សា Clean Sheet ក្នុងផ្ទះ​ទាំង ១២ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Harry Kane រកបាន​ជា​មធ្យម​ស្ទើរតែ​១​គ្រាប់​រាល់​ការប្រកួត​ទល់នឹង Liverpool ។​

Tottenham Hotspur ចូលមក​ក្នុង​ការប្រកួត​នេះ បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទីចុងក្រោយ​ទល់នឹង Marseille បាន​ធានា​ថា​ពួកគេ​នឹង​នៅតែ​ស្ថិត​ក្នុង​ការប្រកួតប្រជែង​កំពូល​របស់​អឺរ៉ុប​ឆ្ពោះ​ទៅ​ឆ្នាំ ២០២៣ ដោយ​ឥឡូវ​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​នឹង​ងាក​ទៅរក Premier League វិញ​យ៉ាង​ឆាប់រហ័ស ខណៈ​ដែល Liverpool នឹង​ផ្តល់​ការប្រកួត​ដ៏​ស្វិតស្វាញ​ដល់​ពួកគេ​។​

Spurs លេង​ខ្លាំង​ក្នុងផ្ទះ​ក្នុង​រដូវ​កាល​នេះ ដោយ​ឈ្នះ ៥ ចាញ់ ១ និង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឡើងទៅ​ក្នុង​ចំណោម​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។ ស្ថិត​បែបនេះ​បង្ហាញថា ពួកគេ​នឹង​ជា​ដៃគូ​ដ៏​ជក់ចិត្ត​ជាមួយ Liverpool ដែល​កំពុង​ស្រុតចុះ​ទម្រង់​លេង​។​

​កំណត់ត្រា​ក្នុងផ្ទះ​ដ៏​ល្អឥតខ្ចោះ​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​ដោយ​ក្រុម Newcastle តែ​ទោះបីជា​ពួក​គេ​រំពឹង​មិន​ចាញ់​ទល់​នឹង​ហង្ស​ក្រហម ដែល​កំពុង​លេង​អន់​នៅក្នុង Premier League រដូវ​កាល​នេះ​នោះ​ទេ​។​

Liverpool ប្រៀប​បី​ដូចជា​អង្គុលីលេខ​ក្នុងសម័យ​កុំព្យូទ័រ​យ៉ាង​អ៊ីចឹង ជា​ពាក្យ​មួយ​សម្រាប់​សង្ខេប​យ៉ាង​ល្អឥតខ្ចោះ​ចំពោះ​ពួកគេ ដោយសារ​តែ​លទ្ធផល​គួរឱ្យ​អស់សំណើច​នាពេល​លទ្ធផល​ថ្មីៗ​របស់​ពួកគេ​។ កូនក្រុម​របស់លោក Jurgen Klopp បាន​ចាញ់​ក្រុម​ក្នុង​តំបន់​កាត់ចោល​ទាំង​ពីរ​នៅ EPL មុន​ពេល​បញ្ចប់​កំណត់ត្រា​ឈ្នះ ១០០% មិន​គួរឱ្យ​ជឿ​របស់ Napoli ក្នុង​ក្របខណ្ឌ Champions League ក្នុងអំឡុង​ពាក់កណ្តាល​សប្តាហ៍​។​

​ជាមួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ ក្នុងផ្ទះ Liverpool ទទួលបាន ១៥ ពិន្ទុ​ក្នុង​ការប្រកួត Champions League ចំនួន ៦ លើក​…​នោះ​គឺជា​ពិន្ទុរ​ក​បាន​ច្រើន​ណាស់​បើ​ធៀប​នឹង​ការ​រក​ពិន្ទុ​បាន​តិចតួច​ក្នុង ១២ ប្រកួត​នៅ Premier League!

​អ្នកវិភាគ​ភាគច្រើន​ជឿថា ទម្រង់​លេង​ក្រៅ​ដី​ខ្សោយ​នៅ Premier League ធ្វើឱ្យ Liverpool លេង​អន់​បំផុត​ចាប់តាំងពី​រដូវ​កាល ២០១៤/១៥ (​ស្មើ​២ ចាញ់​២) ប៉ុន្តែ​ពួកគេ​អាច​នឹង​មាន​សង្ឃឹម ប្រសិន​បើ​ពួកគេ​អាច​យក​លទ្ធភាព​ស៊ុត ១០ គ្រាប់​ក្រៅ​ដី Champions League ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ​ចូលទៅ​ក្នុង​សកម្មភាព​ក្នុងស្រុក​។​

​លទ្ធផល​ស្មើ ១-១ អាច​ជា​ការ​ទស្សន៍ទាយ​ល្អ​បំផុត​សម្រាប់​គូ​នេះ​៕

Arsenal បើ​ឈ្នះ Chelsea អាច​នឹង​មាន​លទ្ធភាព​ដណ្តើមពាន EPL រដូវ​កាល​នេះ