​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្នុងជំនួប​ជាមួយ​អធិកា​ប​តី​អាល្លឺម៉ង់​កាលពី​ម្សិលមិញ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​អំពាវនាវ​អោយមាន​កិច្ចពិភាក្សា​ស្វែងរក​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន​​និង​បាន​ព្រមាន​ថា ជម្លោះ​នេះ​អាច​នឹង​នាំ​ដល់​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​។​

​មេដឹកនាំ​អាល្លឺម៉ង់​លោក​អូ​ឡា​ហ្វ ស្កូ​ល​( Olaf Scholz)​បាន​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​សុក្រ ក្រោម​ការរិះគន់​ដោយសារតែ​ចិន​គាំទ្រ​រុស្ស៊ី​។​លោក​បាន​ទទួល​ការស្វាគមន៍​ផ្លូវការ​មួយ​​ពី​លោក​ស៊ី ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​ថ្មី​ជា​ប្រធាន​គណបក្ស​កុំម្មុយនីស្ត​ដែល​កំពុង​កាន់កាប់​អំណាច​នៅ​ចិន​។​

​លោក​ស៊ី​បាន​កត់សំគាល់ថា ដំណើរ​របស់​លោក​ស្កូក​កើតឡើង​ចំពេល​ប្រទេស​ទាំង​ពីរ​ប្រារព្វ​ខួប​ទំនាក់ទំនង​ការទូត​ជាង​៥០​ឆ្នាំ​ចាប់តាំងពី​ពេល​ប្រទេស​ទាំងពី​ជា​គូប្រជែង​សង្គ្រាមត្រជាក់ តែ​នៅ​តែ​ធ្វើការ​​ដោះដូរ​សេដ្ឋកិច្ច​និង​វានៅ​តែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដល់​ថ្ងៃនេះ​។​

​លោក​ស៊ី​ត្រូវបាន​ទូរទស្សន៍​រដ្ឋ CCTV​ស្រង់​សម្តី​ដូចដែល​បាន​មានប្រសាសន៍ថា​« នៅពេល​បច្ចុប្បន្ន សភាពការណ៍​អន្តរជាតិ​ស្មុគស្មាញ​និង​ប្រែប្រួល​។​ជា​មហាអំណាច​មាន​ឥទ្ធិពល ចិន​និង​អាល្លឺម៉ង់​គួរ​ធ្វើការ​​រួមគ្នាក្នុងពេល​មាន​ការផ្លាស់ប្តូរ​និង​វឹកវរ​ដើម្បី​ចូលរួម​អោយ​កាន់តែ​ច្រើន​ដល់​សន្តិភាព​និង​ការអភិវឌ្ឍន៍​ពិភពលោក​»​។​

​អំពី​បញ្ហា​អ៊ុ​យក្រែន លោក​ស៊ី​បានចង្អុលបង្ហាញ​ថា​«​ចិន​គាំទ្រ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ច​ពិភាក្សា​រក​សន្តិភាព​និង​ជំរុញ​ការបង្កើត​ក្របខណ្ឌ​សន្តិសុខ​អឺរ៉ុប​​មាន​តុល្យភាព ប្រសិទ្ធភាព​និង​ចីរភាព​មួយ​»​។​

​ប្រធានាធិបតី​ចិន និង​អធិកា​ប​តី​អាល្លឺម៉ង់ អូ​ឡា​ហ្វ ស្កូ​ល ក្នុងជំនួប​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​

​លោក​ស៊ី​បាន​បន្ថែមថា សហគមន៍​អន្តរជាតិ​គួរ​តែ«​អំពាវនាវ​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការអត់ធ្មត់​និងប្រកាន់យក​ភាពសមហេតុ​ផល ធ្វើការ​ទាក់ទង​ដោយផ្ទាល់​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន និង​បង្កើត​លក្ខ​​ខណ្ឌ​សំរាប់​បន្ត​ការចរចា​ ហើយ​រួម​គ្នា​ប្រឆាំង​ការប្រើ​ឬ​ការ​គំរាម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​»​។​

​ស្កូ​ល ជា​មេដឹកនាំ​ក្រុម​ប្រទេស​G7​លើកដំបូង​ដែល​ទៅធ្វើ​ទស្សនកិច្ច​ចិន ចាប់តាំងពី​ពេល​ពិភពលោក​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ក៏​ជា​មេដឹកនាំ​អឺរ៉ុប​ទីមួយ​ដែល​បាន​ទៅ​ជួប​លោក​ស៊ី​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិ​​បត្តិការ​យោធា​ពិសេ​សចូល​អ៊ុ​យក្រែ​ន ដែល​អាល្លឺម៉ង់​ប្រឆាំង​ជំទាស់​ជាខ្លាំង​។​

​ពាក់ព័ន្ធ​សង្គ្រាម​នេះ លោក​ស្កូល​បានិ​យាយថា ជម្លោះ​នៅ​អ៊ុយ​ក្រែន​នាំអោយ​មាន​ជនភៀសខ្លួ​ន​រាប់លាននាក់​និង​ធ្វើ​អោយ​ទីផ្សារ​ថាមពល​និង​ស្បៀង​ជ្រួលច្របល់​ហើយ​«​ខ្ញុំ​ចង់​រំលេច​អំពី​សង្គ្រាម​របស់​រុស្ស៊ី​​នៅ​អ៊ុយ​ក្រែន​ដែលវា​បង្ក​បញ្ហា​ជាច្រើន​សំរាប់​ពិភពលោក​ផ្អែកលើ​ច្បាប់​របស់​យើង​»​។​

​មេដឹកនាំ​អាល្លឺម៉ង់​ត្រូវបាន​អមដំណើរ​ដោយ​មេដឹកនាំ​ធុរកិច្ច​អាល្លឺម៉ង់​កំពូលៗ​ជាង​ដប់​នាក់ រួម​មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Volkswagen, BMW, BASF, Bayer​និង​ធនាគារ Deutsche Bank​ដែល​សុទ្ធតែ​ចង់​ហក់​ចូល​ធ្វើការ​រកស៊ី​នៅ​ចិន​៕

​ក្រោយ​អាហារ​ថ្ងៃត្រង់ លោក​ស្កូ​លបាន​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈៀង