ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការរៀបចំ «យុទ្ធនាការអន្ទាក់សូន្យ» រួចមក ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា បានបិទបញ្ចប់ទៅ ប្រកបដោយលទ្ធផលជោគជ័យ និងមោទនភាព។ ការថ្លែងបែបនេះ ធ្វើឡើងដោយ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្រ្តា បានឱ្យដឹងថាៈ «យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការចូលរួម សហការគាំទ្រ ពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានប្រារព្ធឡើង នៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលជាដៃគូ រៀបចំយុទ្ធនារអន្ទាក់សូន្យ។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ដល់អង្គការដៃគូ ដែលបាន ចូលរួមជាមួយក្រសួងបរិស្ថាន រៀបចំយុទ្ធនាការដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរ ឥរិយាបថ ប្រជាពលរដ្ឋ ចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយ ពីផលលំបាក នៃអន្ទាក់ ទៅលើសុវត្ថិភាពសត្វព្រៃ និងមនុស្ស។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់បន្ថែមថាៈ សត្វព្រៃ នៅកម្ពុជា មានហានិភ័យខ្ពស់ ដោយសារវិបត្តិការបរបាញ់ និងការដាក់អន្ទាក់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បានធ្វើការរួមគ្នា ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូ ជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការរីខូហ្វ អង្គការ BirdLife និងអង្គការសម្ព័ន្ធ សត្វព្រៃ និងធម្មជាតិ (Wild Earth Allies) អង្គការ RECOFT​ ដើម្បីបើក ជាផ្លូវការ នៃយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជា។
ក្នុងរយៈពេលប្រាំបួនខែ ដៃគូពាក់ព័ន្ធទាំងអស់ បានប្តេជ្ញាលុបបំបាត់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ តាមរយៈយុទ្ធនាការជាតិនេះ។ ក្រសួងបរិស្ថាន ព្រមទាំងដៃគូ អភិរក្ស និងដៃគូអភិវឌ្ឍន៍ ធ្វើការរួមគ្នា ដើម្បីផ្តល់ជម្រើសមុខរបរ រួមទាំងគំនិតផ្តួចផ្តើម កសិកម្ម និងអេកូទេសចរណ៍ ដល់សមាជិកសហគមន៍ ដែលរស់នៅក្នុង និងជុំវិញតំបន់ ការពារធម្មជាតិ ដែលមានទំនៀមទម្លាប់ ពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ តាមបែបប្រពៃណី ដើម្បីយកសាច់បរិភោគ និងជួញដូរផ្សេងៗ។

ដោយឡែក បើយោងតាមលទ្ធផល ៦ ខែ នៃយុទ្ធនាការអន្ទាក់សូន្យទាំង ៦ ខេត្ត មានអ្នកចូលរួមដោយផ្ទាល់ ជាង ៣ ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើង ត្រូវបានសរសេរ និងចុះផ្សាយលើបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ និងបានផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ ជាង ៣ លាននាក់។ ជាមួយគ្នានេះ ភោជនីយដ្ឋាន ចំនួន ៥២ ក្នុងខេត្ត ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែង មិនលក់មុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋាន ទាំងនេះ ទទួលបាននូវបណ្ណសរសើរមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន ចំពោះការតាំងចិត្ត និងចូលរួមក្នុងការទប់ស្កាត់ ការជួញដូរសត្វព្រៃខុសច្បាប់។

លោក នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថាៈ យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសជា ផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាព ដល់សត្វព្រៃ ដោយ «រក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។ សាធារណជន ជារួមបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មាន យ៉ាងទូលំទូលាយពីអ្វីដែលបានផ្សព្វផ្សាយចេញ ពីយុទ្ធនាការអន្ទាក់សូន្យ។

ទាំងមន្ត្រីក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារអភិរក្ស បានបង្ហាញ ការពេញចិត្ត ចំពោះលទ្ធផលដែលទទួលបាន ពីយុទ្ធនាការអន្ទាក់សូន្យ រយៈពេល ៦ ខែមកនេះ ដោយបានគូសបញ្ជាក់ថា វាជាកិច្ចការងារចាំបាច់បំផុត ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ រួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អន្ទាក់ ដែលជាឃាតក លាក់មុខ សម្លាប់សត្វព្រៃកម្ពុជា ជារៀងរាល់ថ្ងៃ។

គេមិនដឹងថា ក្នុងមួយឆ្នាំ មានអន្ទាក់ប៉ុន្មាននោះទេ ដែលត្រូវបានដាក់ ក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា តែយោងតាមទិន្នន័យ នៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺន ត្រូវបានដោះ នៅឆ្នាំ ២០២១ កន្លងទៅ ។ តាមការសិក្សាកន្លងទៅ បរិមាណអន្ទាក់ត្រឹមតែ ២០ ភាគរយ ប៉ុណ្ណោះ ដែលដោះចេញពីតំបន់ការពារធម្មជាតិ ក្នុងមួយឆ្នាំ។

លោក នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់បន្ថែមថាៈ យុទ្ធនាការអន្ទាក់សូន្យ នឹងមិនបញ្ឈប់ ត្រឹមនេះទេ ប៉ុន្តែនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ ជួរភ្នំក្រវ៉ាញ ដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើម ដែលជាតំបន់ មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃ ខុសច្បាប់៕ V /N