ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានមានប្រសាសន៍ថាៈ នាយកបច្ចេកទេសសហព័ន្ធ កីឡាជាតិទាំងអស់ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានបញ្ចូលឈ្មោះជាមន្រ្តី របស់ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើការលើផ្នែក បច្ចេកទេស ដឹកនាំលើការប្រកួត តាមប្រភេទកីឡានីមួយៗ ដើម្បីឲ្យរលួន និងទទួលបាន ជោគជ័យ។

នាយកបច្ចេកទេសនីមួយៗ ត្រូវធ្វើការជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេស ស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិ ត្រូវតែបន្ស៊ីធ្វើការរួមគ្នា។ នាយកបច្ចេក ទេសកីឡាជាតិទាំងអស់ ត្រូវធ្វើការងារ ៣ ឲ្យបានសម្រេច ក្រោយពិធីបុណ្យអុំទូក។ ទី១-ត្រូវតែងតាំងនាយកបច្ចេកទេសអន្តរជាតិម្នាក់ ដែលត្រូវចូលរួមដឹកនាំការប្រកួត និងវិនិច្ឆ័យការប្រកួត ឲ្យបានច្បាស់លាស់។ ទី២-ត្រូវរៀបចំសៀវភៅបច្ចេកទេស (Technical Hand Book) ដែលបញ្ជាក់ពីបទបញ្ជាការប្រកួត ក្នុងស៊ីហ្គេម ឲ្យរួចរាល់ ហើយផ្ញើសៀវភៅបច្ចេកទេស ទៅគ្រប់ប្រទេសទាំងអស់ ដើម្បីឲ្យគេអនុវត្ត និងគោរព តាមបទបញ្ជាប្រកួតរបស់យើង។ ទី៣-ត្រូវរៀបចំការប្រកួត តាមប្រព័ន្ធ បច្ចេកវិទ្យា ( Digital Plate Forms) ទៅតាមប្រភេទកីឡានីមួយៗ ដោយសហព័ន្ធមួយចំនួន ធ្លាប់រៀបចំការប្រកួតលក្ខណៈអន្តរជាតិ ដោយមាន Software, Hardware ។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថាៈ ចំពោះសហព័ន្ធ ទាន់មិនមានត្រូវទាក់ទង រៀបចំឲ្យហើយ ជាមួយដៃគូអន្តរជាតិ ឲ្យច្បាស់ថា ទទួលបានការឧបត្ថម្ភពីសហព័ន្ធ អន្តរជាតិអ្វីខ្លះ ទៅលើប្រព័ន្ធដាក់ពិន្ទុ តាមរបៀបបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់ ស៊ែនស័រ រត់ចូលទៅប្រព័ន្ធគ្រប់គ្រងការប្រកួត (Games Management System)។ ចេញជាលទ្ធផល គ្រប់ការប្រកួត គ្រប់ប្រភេទកីឡាទាំង ៣៨ រួមគ្នា នៅក្នុងប្រអប់មួយ ដើម្បីចែកចាយទៅគ្រប់បណ្តាញ សារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ហើយប្រភេទ កីឡាអត្តសញ្ញាណជាតិ ដូចជា អុកចត្រង្គ គុនខ្មែរ ល្បុក្កតោ យើងនឹងបង្កើតប្រព័ន្ធដាក់ ពិន្ទុឲ្យ តាមរយៈក្រុមហ៊ុនដៃគូ Pathmazing ទទួលសិទ្ធិពី CAMSOC។

ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមដំបូង របស់ព្រះរាជាណាចក្រកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថាៈ ទាំងការរៀបចំ ទាំងបច្ចេកទេស ទាំងលទ្ធផល ត្រូវមានបច្ចេកវិទ្យា ស្តង់ដាល្អឥតខ្ចោះ ម៉ត់ចត់និងត្រឹមត្រូវ ទៅតាមស្តង់ដារអន្តរជាតិ ឲ្យប្រព្រឹត្តទៅដោយ រលួន និងទទួលបានជោគជ័យ៕ V / N