ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងខណៈដែលខេត្តកំពង់ធំ រៀបចំពិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃ គឺថ្ងៃទី៤ និង ៥ វិច្ឆិកា នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហកាជាមួយរដ្ឋបាលខេត្តកំពង់ធំ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជាលក្ខណៈមិត្តភាព ចំនួន ១១ គូ នៅព្រលប់ថ្ងៃទី៤ ខែវិច្ឆិកានេះ ដើម្បីអបអរសាទរ ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២។

សម្រាប់ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ស្អែកនេះ NOCC ក៏នឹងមានរៀបចំនូវកម្មវិធីរត់កម្សាន្ដ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលរួមរត់ ដើម្បីសុខភាព ក៏ដូចជា​ផ្សារភ្ជាប់នូវយុទ្ធនាការ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទ ដើម្បីបំផុសចលនាមហាជន ក្នុងដំណើរឆ្ពោះ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ នាឆ្នាំ២០២៣ ខាងមុខផងដែរ។

ការប្រកួតក្បាច់គុនបុរាណខ្មែរនេះ បានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ហើយលោក បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតនេះ គឺជាការបំផុតចលនាមហាជន ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានបន្ថែមថាៈ នៅក្នុងកម្មវិធីឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺជាចលនា មហាជន មានន័យថា គ្រប់គ្នាទាំងអស់ ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយមុខ។ ដូច្នេះការប្រកួតកីឡានេះ ក៏ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក នៅខេត្តយើងផង តែក៏ដើម្បីចូលរួមផ្សព្វផ្សាយ ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃខាងមុខទៀតផង។

លោកបណ្ឌិត ថោង ខុន បានណែនាំដល់កីឡាករ ចូលរួមប្រកួតទាំងអស់ ត្រូវប្រកាន់ ខ្ជាប់នូវស្មារតីកីឡា គោរពបទបញ្ជាការប្រកួតគោលការណ៍ Fair-Play ពិសេស ការគោរពឲ្យតម្លៃដៃគូប្រកួត ចាត់ទុកដៃគូប្រកួត ជាគ្រួសារកីឡាជាមួយគ្នា មិនមែនជា សត្រូវគ្នានោះទេ ។ ក្រោយបង្ហាញសមត្ថភាពជំនាញ និងបច្ចេកទេសកីឡាប្រដាល់ គឺត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា ចងមិត្តភាពនឹងគ្នា ទើបទទួលបានជោគជ័យ ក្នុងអាជីពជាកីឡាករពិតប្រាកដ ។ ក្នុងកីឡា មិនសំខាន់ ការឈ្នះ-ចាញ់ទេ សំខាន់បំផុត គឺការចូលរួម ដែលជាកត្តាសំខាន់ ។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានថ្លែងអំណរគុណលោក បណ្ឌិត ថោង ខុន ក៏ដូចជាថ្នាក់ដឹកនាំ NOCC ដែលបានពាំនាំមកនូវ កីឡាប្រដាល់ គុនខ្មែរ ដើម្បីបង្កលក្ខណៈកាន់តែអធិកអធមថែមទៀត នៅក្នុងពិធីអុំទូក ខេត្តកំពង់ធំ ឆ្នាំ២០២២ ។

លើសពីនេះ លោកថែមទាំង បានប្ដេជ្ញានឹងរួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាប្រដាល់ គុនខ្មែរ ក្នុងខេត្តរបស់ខ្លួន ឲ្យរីកចម្រើន ដើម្បីលើកមុខមាត់ កីឡាអត្តសញ្ញាណជាតិ មួយនេះ នៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតផង។

សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានបងប្អូនអ្នកខេត្តកំពង់ធំ និងភ្ញៀវជាតិ -អន្ដរជាតិ ចូលរួមទស្សនា យ៉ាងច្រើនកុះករ៕/V