ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ខឺឈាង​ ​(LI Keqiang) នាយករដ្ឋមន្រ្ដី​នៃ​សាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។​ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក លី ខឺឈាង​នឹងថ្វាយបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ក្រសួងការបរទេស បានបន្តថាៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សា លើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ពោធជានិមិត្តរូប បើកឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច​ព្រះនរោត្ដម​សីហនុ​ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែល បានបញ្ជាក់ថាៈ លោក លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ច ទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោកនឹងអញ្ជើញធ្វើជាអធិបតីជាមួយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ ផងដែរ៕ V / N