ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយបេឡាជាតិ អតីតយុទ្ធជន បានប្រគល់ថវិកាធានារ៉ាប់រងសង្គម ថវិកាបូជាសព ថវិកាឧបត្ថម្ភ ១ លើក ដំបូង ជូនគ្រួសារសពអតីតយុទ្ធជន ចំនូន ២៥ គ្រួសារ ក្នុងនោះជនពិការ មានចំនួន ៧នាក់ ដែលទទួលបានថវិកា ចំនួន ១០០.៦៦៤.១០០ រៀល មានថវិកា ខ្ពស់ ចំនួន ៣៧.១៩២.៥០០ រៀល ថវិកាទាបចំនួន ៨.៤៧៣.២០០ រៀល។ ចំណែក និវត្តន៍ជន មានចំនួន ១៨ នាក់ បានទទួលថវិកា ចំនួន ១២០.៤៨៣.០០០ រៀល ថវិកាខ្ពស់ ទទួលបានចំនួន ១៤.៣៧០.០០០ រៀល ថវិកាទាបទទួលបាន ២.៤៤៤.១៦០ រៀល សរុប ២៥ នាក់ ទទួលបានថវិកា ចំនួន ២២១.១៤៧.១០០ រៀល ។

ពិធីនោះធ្វើនៅក្នុងមន្ទីរសង្គមកិច្ចខេត្ត ស្ថិតនៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថាៈ អតីតយុទ្ធជន គឺជាក្រុមជនដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្ម ដើម្បីជាតិ និងជាអ្នកស្នេហាជាតិ ហើយពួកគាត់ ត្រូវបានចារិកទុកនូវគំរូវីរៈភាព ដ៏ឧត្តុង្គឧត្តម របស់ពួកគាត់ សម្រាប់យុវវ័យជំនាន់ក្រោយ ហើយគុណូបការៈដ៏ឧត្តុង្គឧត្តម របស់ពួកគាត់នេះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ឲ្យសក្ដិសមបំផុតពីប្រជាជន និងសង្គមជាតិទាំងមូល ផងដែរ ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តទៀតថាៈ ភាពមានបាន និងភាពហ៊ឺហា សព្វថ្ងៃនេះរបស់យើង គឺមួយផ្នែកបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ រួមទាំង អាយុជីវិតរបស់យុទ្ធជនកម្ពុជា ទាំងអស់នោះ ។ សកម្មភាពឆ្លើយតប ទៅលើវិស័យ អតីតយុទ្ធជននោះ រដ្ឋាភិបាល សព្វថ្ងៃនេះ កំពុងយកចិត្តទុកដាក់ ដល់ជនពិការ ដោយសារសង្គ្រាម និងនិវត្តន៍ជនខ្លាំង ៕ V / N