ដោយ៖ វណ្ណៈ / ព្រះសីហនុ៖ បុរសបីនាក់ បន្លំខ្លួនធ្វើជាសង្ឃ ដើរបិណ្ឌបាត្របច្ច័យ ពីពលរដ្ឋ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនយកមកសាកសួរ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

បុរសបីនាក់នោះ បានសារភាពចំពោះមុខប៉ូលិសថាៈ ពួកគាត់ពិតជាបានក្លែងបន្លំធ្វើជា សង្ឃពិតប្រាកដមែន ដោយសារពួកគាត់ មានជីវភាពខ្វះខាត។

មន្ត្រីប៉ូលិសឃុំបិតត្រាំង បានឲ្យដឹងថាៈ បុរសទាំងបីនាក់នោះ មានពីរនាក់ បានកោរសក់ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀត ជាអ្នកបើកបរម៉ូតូ ឌុប ដើរធ្វើសកម្មភាព ហើយពួកគេ មកពីខេត្តព្រៃវែង ។

ប្រភពដដែល បានបន្តរថាៈ បុរសទាំងបីនាក់នោះ ធ្វើសកម្មភាពដើរបិណ្ឌបាត្របច្ច័យ តាមខ្នងផ្ទះពលរដ្ឋ ជាច្រើនដងមកហើយ ក៏មានការសង្ស័យ បានចាត់កម្លាំងតាម ឃ្លាំមើល ទើបដឹងថា បុរសទាំងបីនាក់នោះ បានយកស្បង់ចីវរទៅលាក់ទុកក្នុងព្រៃ បន្ទាប់ពីធ្វើសកម្មភាព ដើរបិណ្ឌបាត្ររួច ទើបសមត្ថកិច្ច ក្របួចបាន ជាក់ស្តែងតែម្តង។

ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយ មន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕ V / N