ដោយៈ ទេព មង្គល / ភ្នំពេញៈ ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថល នៅព្រះរាជាណា ចក្រកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ សំខាន់ៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល គោលនយោបាយរដ្ឋាភិបាល ឌីជីថល និងគោលនយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២២ នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើក ឡើងថាៈ ផ្តើមចេញពីគោលនយោបាយទាំងនេះ ក.ប.ទ. បាននិងកំពុងសិក្សារៀបចំ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗបន្ថែមទៀត ដូចខាងក្រោម៖

១. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឌីជីថល (Draft National Digital Development Policy) ដែលពេលនេះ សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានបញ្ជូនទៅគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តនីតិវិធីនៃការអនុម័ត។

២. ក.ប.ទ. បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីសន្តិសុខសាយបរ (Draft Cybersecurity Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែម ទៅលើខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់នេះ។ មកដល់ពេលនេះ ក.ប.ទ. បានទទួលធាតុចូលជាបន្តបន្ទាប់ ហើយ ក.ប.ទ. នឹងទទួល យកធាតុចូលពីស្ថាប័ននានាបន្ថែមទៀត រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

៣. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ ស្ដីពីសេវាប្រៃសណីយ៍ (Draft Postal Service Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងបានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលឱ្យបាន គ្រប់ជ្រុងជ្រោយ ផងដែរ។

៤. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងដំបូងនៃច្បាប់ ស្តីពីការការពារទិន្នន័យ បុគ្គល (Draft Personal Data Protection Law) ហើយគ្រោងនឹងរៀប ចំការពិភាក្សាផ្ទៃក្នុងក្រសួង នាពេលខាងមុខ។ ក្រោយបញ្ចប់ការពិភាក្សាផ្ទៃក្នុង ក.ប.ទ. នឹងផ្ញើទៅជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើ ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។

៥. ក.ប.ទ. បាននិងកំពុងរៀបចំ សេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដ អាទិភាព (Cloud First Policy) ដោយបានសហការ និងពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ក្នុងគោលដៅរៀបចំយុទ្ធសាស្ត្រ និងការវិនិយោគ លើបច្ចេកវិទ្យាក្លោដ ដែលអាចគាំទ្រ ដល់ការផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ៕ V / N