​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Twitter បាន​បណ្តេញ​បុគ្គលិក​ពាក់កណ្តាល​នៃ​បុគ្គលិក​ចំនួន ៧.៥០០ របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​៤​វិច្ឆិកា ខណៈ​ម្ចាស់​ថ្មី អេ​ឡុន ម៉ាស​បាន​បើក​ដំណើរ​​ការរុះរើ​ទ្រង់ទ្រាយ​ធំ​លើ​ក្រុមហ៊ុន​ពោរពេញ​ដោយ​បញ្ហា​នេះ គឺ​ត្រឹមតែ​មួយ​សប្តាហ៍​បន្ទាប់ពី​ការកាន់កាប់​របស់​គាត់​។​

​ឯកសារ​ផ្ទៃក្នុង​មួយ ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បាន​និយាយថា “​ប្រហែល ៥០ ភាគរយ​” នៃ​បុគ្គលិក​ត្រូវបាន​ប៉ះពាល់​ហើយ​នឹង​ត្រូវ​បដិសេធ​ការចូល​ប្រើ​កុំព្យូទ័រ​និង​អ៊ីមែល​របស់​​ក្រុមហ៊ុន​ជាបន្ទាន់​។​

​បុគ្គលិក​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​បណ្តេញចេញ ហើយ​បាន​ចូលទៅក្នុង​Twitter​ដើម្បី​បញ្ចេញ​ការខកចិត្ត​ឬ​ការហួសចិត្ត​របស់​ពួកគេ​ហើយ​និយាយ​លា​ទៅកាន់​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​​ស៊ី​លី​កូន​វ៉ាល់​ឡេ (Silicon Valley)​។​

​លោក មី​សែ​ល អូ​ស្ទីន (Michele Austin) ជា​នាយក​គោលនយោបាយ​សាធារណៈ​របស់ Twitter សម្រាប់​សហរដ្ឋ​អាម៉េរិក​និង​កាណាដា បាន​និយាយថា​”​ភ្ញាក់ឡើង​ភ្លាម​ឮ​ព័ត៌មាន​ថា​ពេល​​វេលា​របស់​ខ្ញុំ​ធ្វើការ​នៅ Twitter បាន​ចប់​ហើយ​។ ខ្ញុំ​ខូចចិត្ត​។ ខ្ញុំ​សឹង​មិន​ជឿ​នោះទេ​”​។​

​នៅក្នុង​មតិយោបល់​ដំបូង​របស់​គាត់​លើ​ប្រធានបទ​នេះ ពោល ២៤ ម៉ោង​បន្ទាប់ពី​អ៊ី​ម៉ែ​ល​ដំបូង​របស់​ក្រុមហ៊ុន​ជូនដំណឹង​ដល់​បុគ្គលិក​អំពី​ការបញ្ឈប់​ការងារ​នាពេលខាងមុខ លោក​ម៉ា​សបាន​និយាយ​កាល​​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា “​ទាក់ទង​នឹង​ការកាត់បន្ថយ​កម្លាំង​ពលកម្ម​របស់ Twitter គួរ​ឱ្យ​ស្តាយ​គឺ​គ្មាន​ជម្រើស​ទេ​នៅពេល​ដែល​ក្រុមហ៊ុន​កំពុង​ខាតបង់​ជាង ៤ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​”​។​

​នៅមុន​ការបញ្ឈប់​បុគ្គលិក ក្រុមហ៊ុន Twitter បាន​បិទ​ការចូល​ទៅ​កាន់​ការិយាល័យ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ដោយ​ស្នើ​ឱ្យ​បុគ្គលិក​នៅ​ផ្ទះ​រង់ចាំ​ព័ត៌មាន​អំពី​ជោគវាសនា​របស់​ពួកគេ​តាម​​រយៈ​អ៊ីមែល​។​

​បុគ្គលិក ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ​ម្នាក់ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា “​វា​ជា​វិធី​អមនុស្សធម៌​ណាស់​ក្នុង​ការប្រព្រឹត្ត​ដាក់​មនុស្ស​។​វា​ហាក់ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​​ទាហាន​ស៊ីឈ្នួល​យ៉ាង​អ៊ីចឹង ពួកគេ​កំពុង​ព្យាយាម​សន្សំ​ប្រាក់​គ្រប់​ការចំណាយ​ទាំងអស់​”​។​

​ការបណ្តេញ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​លោក​ម៉ាស​ក្នុង​ការស្វែងរក​វិធី​ទូទាត់​សង​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ ដែល​គាត់​បាន​ប្រើ​លុយ​បំណុល​រាប់ពាន់​លាន​ដុល្លារ​និង​​លក់​ភាគហ៊ុន​តម្លៃ ១៥,៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Tesla ដែលជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់គាត់​។​

​ប្រភព​របស់​ក្រុមហ៊ុន​បាន​និយាយថា ក្រុម​របស់​លោក​ម៉ាស​កំពុង​បង្កើនល្បឿន​បណ្តេញ​បុគ្គលិក​ដែល​នៅ​សេសសល់ ដោយ​នាំយក​អ្នក​អភិវឌ្ឍន៍​របស់ Tesla​ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់ “Tweeps” ជា​ឈ្មោះ​ផ្ទៃក្នុង​តំណាងឱ្យ​បុគ្គលិក Twitter ។​

​លោក​ម៉ាស ជា​ប្រធាន​ក្រុមហ៊ុន Tesla និង SpaceX ត្រូវ​គេ​និយាយថា​នឹង​ជំពាក់​ការប្រាក់​ប្រចាំឆ្នាំ​ចំនួន ១​ពាន់​លាន​ដុល្លារ​តែ​ម្នាក់ឯង​ដើម្បី​ចំណាយ​លើ​កិច្ចព្រមព្រៀង​ដែល​គាត់​បាន​ព្យាយាម​​ដកខ្លួន​ចេញ​វិញ​ភ្លាមៗ នៅពេល​ដែល​គាត់​បានស្នើ​ទិញ​នៅក្នុង​ខែ​មេសា​។​

​លោក​ម៉ាស​កំពុង​ព្យាយាម​ស្វែងរក​វិធី​ថ្មី​សម្រាប់ Twitter ដើម្បី​រក​លុយ​បន្ទាប់ពី​ការទិញ​ដ៏​ធំ​របស់​គាត់ រួម​ទាំង​គំនិត​ក្នុង​ការគិត​ប្រាក់​ពី​អ្នកប្រើប្រាស់ ៨​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​គណនី​ដែល​​បាន​ផ្ទៀងផ្ទាត់​។​

​ចំណាត់ការ​នេះ​នឹង​ជួយ​យកឈ្នះ​លើ​ការខាតបង់​ខាង​ការផ្សាយពាណិជ្ជកម្ម ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់ Twitter ខណៈ​ម៉ាក​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​បាន​ពន្យារ​ការទិញ​ពាណិជ្ជកម្ម​របស់​ពួកគេ ដោយសារ​បារម្ភ​ពី​ចរិត​គ្រប់គ្រង​មាតិកា​ដ៏​ផ្តាច់ការ​របស់គាត់​៕

​បុគ្គលិក Twitter​រាប់ពាន់​នាក់​នៅ​ផ្ទះ​រង់ចាំ​ព័ត៌មាន​អំពី​ជោគវាសនា​របស់​ពួកគេ​តាមរយៈ​អ៊ីមែល