​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​ការជម្លៀស​ជន​ស៊ីវិល​ពី​ផ្នែក​ខ្លះ​នៃ​តំបន់​ឃើ​សុន (Kherson)​ភាគខាងត្បូង​នៃ​ប្រទេស​​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​ទី​៤​វិច្ឆិកា ជា​សញ្ញា​ចុងក្រោយ​នៃ​ការដកថយ​របស់​រុស្ស៊ី​នៅក្នុង​តំបន់​មួយ​ដែល​មាន​ការ​ប្រទាញប្រទង់​ដ៏​ជូរ​ចត់​បំផុត​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​លោកពូ​ទីន​បាន​ប្រាប់​សកម្មជន​គាំទ្រ​វិមាន​ក្រឹម​ឡាំង ខណៈ​លោក​ប្រារព្ធ​ទិវា​រួបរួម​ជាតិ​រុស្ស៊ី​ថា “​ឥឡូវនេះ ពិត​ណាស់​អ្នក​ដែល​រស់​នៅក្នុង​តំបន់​ឃើ​សុន​គួរតែ​ត្រូវ​ដកចេញ​ពី​តំបន់​នៃ​សកម្មភាព​ដ៏​គ្រោះ​​ថ្នាក់​បំផុត ពីព្រោះ​ប្រជាជន​ស៊ីវិល​មិន​គួរ​រង​ទុក្ខ​នោះទេ​”​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បញ្ជូន​មនុស្ស​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នៅ​តំបន់​ឃើ​សុន​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ​ឌី​នី​ប្រូ (Dnipro) ហើយ​ក្នុង​សប្តាហ៍​នេះ​បាន​ប្រកាស​ថា​តំបន់​ជម្លៀស​ក៏​នឹង​រួម​​បញ្ចូល​តំបន់​អព្យាក្រឹត​ចម្ងាយ ១៥ គីឡូម៉ែត្រ​នៅ​ច្រាំង​ខាងកើត​ផងដែរ​។ ប៉ុន្តែ​ការលើកឡើង​នេះ​ហាក់ដូចជា​លើកដំបូង​ដែល​លោកពូ​ទីន​គាំទ្រ​ការជម្លៀស​នេះ​ជា​លក្ខណៈ​បុគ្គល​។​

​រុស្ស៊ី​និយាយថា​ខ្លួន​កំពុង​យក​អ្នកស្រុក​ទៅកាន់​កន្លែង​សុវត្ថិភាព​ចេញពី​ផ្លូវ​នៃ​ការ​រុលទៅមុខ​របស់​អ៊ុ​យក្រែន​។ រដ្ឋាភិបាល​ក្រុង​គៀវ​និយាយថា វិធានការ​នេះ​រួមបញ្ចូល​ទាំង​ការបង្ខំ​ឱ្យ​និរទេស​ជន​ស៊ីវិល ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​រុស្ស៊ី​បដិសេធ​។​

​ការអត្ថាធិប្បាយ​របស់​លោកពូ​ទីន​បាន​កើតឡើង​ចំពេល​មាន​សញ្ញា​ថា រុស្ស៊ី​អាច​កំពុង​ត្រៀម​បោះបង់​ចោល​ការឈរជើង​យោធា​របស់​ខ្លួន​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ​ឌី​នី​ប្រូ​រួម​ទាំង​ទីរួមខេត្ត​ក្នុង​តំបន់​ឃើ​សុន ​ដែល​ជា​លទ្ធភាព​ដកថយ​ដ៏​ធំ​បំផុត​នៃ​សង្គ្រាម​របស់​រុស្ស៊ី​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក គី​រី​ល ស្ត្រេ​មូសូវ (Kirill Stremousov) អនុប្រធាន​រដ្ឋបាល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​តំបន់​ឃើ​សុន បាន​និយាយថា រុស្ស៊ី​ទំនង​ជា​ដក​ទាហាន​របស់​ខ្លួន​ចេញពី​ច្រាំង​ខាងលិច​។ ក្នុង​សុន្ទរកថា​ក្រោយមកទៀត គាត់​ហាក់​កាន់តែ​មិនមាន​ភាពច្បាស់លាស់ ដោយ​និយាយថា​គាត់​សង្ឃឹមថា​នឹង​មិន​មានកា​រ​ដកថយ​ទៀត​ទេ ប៉ុន្តែ “​យើង​ត្រូវតែ​ធ្វើ​ការសម្រេចចិត្ត​ដ៏​លំបាក​មួយ​ចំនួន​”​។​

​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​កាលពី​សប្តាហ៍​មុន បាន​កើត​ឡើង​នៅ​ជុំវិញ​ទីប្រជុំជន​បាក់​មុត (Bakhmut) និង​សូ​ឡេ​ដា (Soledar) ក្នុង​តំបន់​ដូណិត​ស​ខ៍ (Donetsk) ភាគ​ខាងកើត គឺ​ប្រហែល ៥០០ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​តំបន់​ឃើ​សុន​៕

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​ការជម្លៀស​ជន​ស៊ីវិល​ពី​ផ្នែក​ខ្លះ​នៃ​តំបន់​ឃើ​សុន